(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២១ ប្រទេសចិន បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង១.៥ពាន់លានដូស ដល់ប្រទេសចំនួន១០៦ និងអង្គការអន្តរជាតិចំនួន៤ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ ជូនដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក។

ដោយឡែកសម្រាប់កម្ពុជា ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រទេសចិន ក៏បានក្លាយទៅជាប្រទេសដែលកម្ពុជា ជ្រើសយកធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

ការឱ្យដឹងបែបនេះ របស់ឯកអគ្គរដ្ឋទូតចិន បានធ្វើឡើងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់ចិនចំនួន ២លានដូស ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ជុំវិញចំណុចនេះ លោក វ៉ាង វិនធាន បានរំឮកឡើងថា ក្រោយពេលវ៉ាក់សាំងចិន ស៊ីណូហ្វាម អាចផ្គត់ផ្គង់លើទីផ្សារបានរដ្ឋាភិបាលនចិន បានផ្តល់ជំនួយមុនគេមកកាន់ប្រទេសកម្ពុជា។ ភាគីចិន រីករាយធ្វើជាបង្អែកយុទ្ធសាស្រ្តផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា ទោះបីជាភាគីចិន នាពេលនោះជួបបញ្ហាកង្វះវ៉ាក់សាំងកូវីដ១៩ ក៏ដោយ ក៏នៅតែរិះរកមធ្យោបាយផ្គត់ផ្គង់វ៉ាក់សាំងជូនដល់ប្រទេសកម្ពុជា។

អគ្គរដ្ឋទូតចិនរូបនេះ បានបញ្ជាក់ថា ភាគីចិន តែងគោរពរាល់ពាក្យសន្យា មិនដែលលេបពាក្យសម្តីនោះទេ ហើយកម្ពុជា មិនដែលជួបបញ្ហាកង្វះខាតវ៉ាក់សាំងនោះទេ។ ទន្ទឹមនឹងការផ្តល់វ៉ាក់សាំង ភាគីចិនក៏បានផ្តល់ជំនួយជាសម្ភារទប់ស្កាត់ជំងឺវីរុសជូនដល់ភាគីកម្ពុជា ដែលក្នុងនោះក៏រាប់បញ្ចូលទាំងឱសថបុរាណចិនផងដែរ។ ទាំងអស់នេះបានផ្តល់ជាការគាំទ្រដ៏សំខាន់ដល់កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងប្រទេសកម្ពុជា។

លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រៅពីផ្តល់ការគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសដល់កម្ពុជា ដែលជាមិត្តដែកថែបរបស់ចិន ភាគីចិនក៏យកចិត្តទុកដាក់ខ្ពស់ចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍លើពិភពលោកផងដែរ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ ដើម្បីកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

ចិនតែងប្រកាន់ខ្ជាប់នូវលក្ខណៈចម្បង គឺចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈ ខិតខំលើកកម្ពស់ឱ្យក្លាយជាផលិតផលដែលអាចរកបាន នឹងមានតម្លៃសមរម្យសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដជាង ១.៥ពាន់លានដូស ដល់ប្រទេសចំនួន១០៦ និងអង្គការអន្តរជាតិចំនួន៤ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺវីរុសជូនដល់ប្រទេសកំពុងអភិវឌ្ឍន៍»។

សូមជម្រាបថា ថ្មីៗនេះបើតាមធនាគារគំនិតនៃទស្សនាវដ្តី «The Economist Intelligence Unit» បានចេញផ្សាយរបាយការណ៍ថា គិតមកទល់ចុងខែតុលា ឆ្នាំ២០២១ ពិភពលោកទាំងមូលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើសពី ៧,០០០លានដូស ក្នុងនោះដោយបានការជំរុញពីវ៉ាក់សាំងចិន អត្រាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជាត្រូវជា ៧៩% និងឈីលី ត្រូវជា ៧៧% ខ្ពស់ជាងប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជា៖ អាមេរិក និងអង់គ្លេសជាដើម។

គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១កន្លងទៅ វ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសចិន ទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣៤លាន ៨សែនដូស។ ក្នុងនោះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស។ ក្នុងនោះក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន បានផ្តល់ជំនួយចំនួន ៥០ម៉ឺនដូស។

គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយ នៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់៕