(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា ការព្រួយបារម្ភចំពោះវ៉ាក់សាំងចិន នៅពេលមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាការគិតច្រើនហួសហេតុ ខណៈបច្ចុប្បន្នវ៉ាក់សាំងនេះត្រូវបានទទួលស្គាល់រួចរាល់ហើយ។

ក្នុងឱកាសអញ្ជើញរួមគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង ជំនួយរបស់ចិនប្រមាណជាង២លានដូស នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក វ៉ាង វិនធាន បានបញ្ជាក់ថា ភាពជាក់ស្ដែង នៃប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងរបស់ចិន នៅពេលនេះបានបង្ហាញយ៉ាងច្បាស់ហើយថា សុទ្ធតែជាការគិតច្រើនប៉ុណ្ណោះ។

លោក វ៉ាង វិនធាន បានថ្លែងយ៉ាងដូច្នេះថា «អ្នកទាំងអស់គ្នាដឹងហើយថា វ៉ាក់សាំងកូវីដដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនចំពោះកម្ពុជាលើកទី១ គឺវ៉ាក់សាំងស៉ីណូហ្វាម។ ពេលនេះបើទោះបីជាប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងត្រូវបានទទួលស្គាល់ដោយការឆ្លងកាត់ការតេស្ដសាកល្បង និងតេស្ដពិសោធន៍ ប៉ុន្ដែដោយសារការយល់ដឹងអំពីវីរុសវ៉ាក់សាំងនៅមិនទាន់គ្រប់គ្រាន់។ ការព្រួយបារម្ភពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង តែងតែមាន ហើយរូបខ្ញុំផ្ទាល់ក៏ដូចគ្នាផងដែរ។ ឥលូវនេះភាពជាក់ស្ដែងបានបង្ហាញយ៉ាងច្បាស់ថា ការព្រួយបារម្ភទាំងអស់នេះ សុទ្ធសឹងតែជាការគិតច្រើនតែប៉ុណ្ណោះ»

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា រូបនេះបានបន្ដទៀតថា រហូតមកដល់ពេលបច្ចុប្បន្ននេះភាគីចិន បានផ្ដល់វ៉ាក់សាំងកូវីដ១៩ មកកាន់កម្ពុជាមានជិត៣៩លានដូសហើយ ស្មើនឹងជាង៩០ភាគរយ នៃចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាទទួលបាន។ វ៉ាក់សាំងចិន មិនត្រឹមតែមានសុវត្ថិភាព និងប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកយ៉ាងសំខាន់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា ប្រទេសចិន ជាប្រទេសទី១ ដែលបានផ្ដល់ជំនួយវ៉ាក់សាំងមកកាន់ប្រទេសកម្ពុជា គ្រាដែលពិភពលោកទាំងមូលកំពុងតែព្រួយបារម្ភពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយមិនទាន់មានវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងត្រូវបានចាត់ទុកថា ជាទំនិញយុទ្ធសាស្ដ្រ ហើយមិនប្រាកដថា ប្រទេសមានលុយ អាចទិញបាននោះទេ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជារឿយៗថា នឹងយកប្រទេសចិន ជាបង្អែកដើម្បីផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជា។ ជាក់ស្ដែងក្នុងពិធីនៅព្រឹកមិញនេះ លោក វ៉ាង វិនធាន ក៏បានប្រកាសរួចហើយថា រដ្ឋាភិបាល និងប្រជាជនចិន នឹងបន្ដផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត រហូតទាល់តែអស់ជំងឺកូវីដ១៩។

សូមរំលឹកថា អង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ចិន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំងនេះជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឲ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស។

ការចុះបញ្ជីរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឲ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការមួយនេះផងដែរ៕