(ភ្នំពេញ)៖ បើទោះជាស្ថិតក្នុងស្ថានភាពបង្ការការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក៏រដ្ឋបាលខណ្ឌនៅតែបន្តខិតខំអភិវឌ្ឍន៍សមិទ្ធផលនានា ក្នុងមូលដ្ឋានសង្កាត់ ពិសេសផ្តោតសំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលរាជធានីភ្នំពេញ និងទទួលបានការវិភាជន៍ថវិកាពីរាជរដ្ឋាភិបាលកម្ពុជាជារៀងរាល់ឆ្នាំ ។

អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន លើកឡើងបែបនេះ នៅក្នុងពិធីដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង០៧ ឆ្នាំ២០២១ ក្នុងខណ្ឌបឹងកេងកង ក្រោមវត្តមានលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ព្រមទាំងលោក-លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង០៧ គណៈកម្មាធិការលទ្ធកម្មសង្កាត់ទាំង០៧ ស្មៀន និងមន្ត្រីដែលពាក់ព័ន្ធ។

លោក ស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺមានភាពរយីករយាក យ៉ឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង ។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង ។

នៅក្នុងឱកាសនោះដែរ លោកក៏បានណែនាំ ដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។ កុំអោយមានការដេញបែបបំផើមចោល បានន័យថា ក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន ។

ជាមួយគ្នានេះដែរ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានស្នើអោយគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យអោយបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួតពិនិត្យវាយតំលៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋ អោយបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យា គំរោង កុំគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាពក្នុងការអនុវត្តគម្រោង ៕