(ភ្នំពេញ)៖ រដ្ឋាភិបាលចិនរីករាយជានិច្ច ក្នុងការធ្វើជាបង្អែកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ទោះបីជាកន្លងទៅ ចិនមានការខ្វះខាតវ៉ាក់សាំង ប៉ុន្តែចិនមិនដែលលេបសម្តីដែលខ្លួនបានសន្យាឡើយ។ នេះគឺជាការលើកឡើងរបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយលើកទី៧ របស់ភាគីចិនជូនចំពោះភាគីកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Wang Wentian បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីចិនរីករាយ ធ្វើជាបង្អែកយុទ្ធសាស្រ្ត ផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា ទោះបីជាភាគីចិននាពេលនោះ ជួបបញ្ហាកង្វះវ៉ាក់សាំងកូវីដក៏ដោយ ក៏នៅតែរិះរកមធ្យោបាយផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា។ ភាគីចិនតែងគោរពរាល់ពាក្យសន្យា មិនដែលលេបពាក្យសម្តីនោះទេ។ ហេតុនេះហើយ កម្ពុជាមិនដែលជួបបញ្ហាកង្វះខាតវ៉ាក់សាំងនោះទេ»

បើតាមលោកឯកអគ្គរដ្ឋទូតចិន, ទន្ទឹមនឹងការផ្តល់វ៉ាក់សាំង ភាគីចិនក៏បានផ្តល់ជំនួយជាសម្ភារទប់ស្កាត់ជំងឺវីរុសជូនដល់ភាគីកម្ពុជា ដែលក្នុងនោះក៏រាប់បញ្ចូលទាំងឱសថបុរាណចិនផងដែរ។ ទាំងអស់នេះបានផ្តល់ជាការគាំទ្រដ៏សំខាន់ដល់កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងប្រទេសកម្ពុជា។

ក្រៅពីផ្តល់ការគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសដល់កម្ពុជា ដែលជាមិត្តដែកថែបរបស់ចិន ភាគីចិនក៏យកចិត្តទុកដាក់ខ្ពស់ចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ លើពិភពលោកផងដែរ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ ដើម្បីកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

ចិនតែងប្រកាន់ខ្ជាប់នូវលក្ខណៈចម្បង គឺចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈ ខិតខំលើកកម្ពស់ឱ្យក្លាយជាផលិតផល ដែលអាចរកបាន និងមានតម្លៃសមរម្យសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដជាង ១.៥ពាន់លានដូស ដល់ប្រទេសចំនួន១០៦ និងអង្គការអន្តរជាតិចំនួន៤ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ជំងឺវីរុស ជូនដល់ប្រទេសកំពុងអភិវឌ្ឍន៍។

លោក Wang Wentian បានរំលឹកថា វ៉ាក់សាំងកូវីដដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនមកកាន់ភាគីកម្ពុជាលើកទី១ គឺជាវ៉ាក់សាំងស៉ីណូហ្វាម។ ពេលនោះ ទោះបីជាប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងត្រូវបានទទួលស្គាល់ដោយឆ្លងកាត់ការតេស្តពិសោធន៍ ប៉ុន្តែដោយសារការយល់ដឹងអំពីវីរុសកូវីដ១៩ និងវ៉ាក់សាំងនៅមិនទាន់គ្រប់គ្រាន់ ការព្រួយបារម្ភពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងវាតែងតែមាន។ ឥលូវនេះភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ការព្រួយបារម្ភទាំងអស់នេះសុទ្ធសឹងតែជាការគិតច្រើនតែប៉ុណ្ណោះ។

រហូតមកដល់បច្ចុប្បន្ននេះ ភាគីចិនបានផ្ដល់វ៉ាក់សាំងកូវីដមកកាន់កម្ពុជាមានចំនួនជិត ៣៩លានដូសហើយ ស្មើនឹងជាង ៩០% នៃចំនួនសរុបវ៉ាក់សាំងដែលកម្ពុជាទទួលបាន។ វ៉ាក់សាំងចិនមិនត្រឹមតែមានសុវត្ថិភាព និងមានប្រសិទ្ធភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ ក្នុងប្រទេសកម្ពុជា។

ក្នុងនាមរដ្ឋាភិបាលចិន លោក Wang Wentian បានសម្តែងក្តីរីករាយជាខ្លាំងដោយឃើញថា អត្រានៃការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា មានចំណាត់ថ្នាក់ឈានមុខគេលើពិភពលោក និងចំនួននៃការឆ្លងជំងឺវីរុស ក៏មានសភាពធ្លាក់ចុះត្រឹម ២ខ្ទង់ អ្នកឆ្លងភាគីច្រើនមានសភាពស្រាល។ ថ្មីៗនេះ សកម្មភាពដ៏មមាញឹកកាលពីមុននៅក្នុងរាជធានីភ្នំពេញបានវិលមកវិញហើយ ប្រជាជនកម្ពុជាចាប់ផ្តើមមានស្នាមញញឹមដ៏ស្រស់ស្អាតជាថ្មីម្តងទៀត ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ក៏កំពុងតែស្ដារឡើងវិញជាបន្តបន្ទាប់ផងដែរ។ ប្រឈមមុខជំងឺវីរុសកូវីដ១៩ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បង្កើតបានសមិទ្ធផលដែលមានការទទួលស្គាល់ពីសំណាក់មហាជន។

ទាំងអស់នេះហាក់បីដូចជាចៃដន្យ តែវាមិនមែននោះទេ ហើយសម្រាប់ លោក Wang Wentian មានមូលហេតុចម្បង២ រួមមាន៖

* ទី១៖ កម្ពុជាមានការដឹកនាំដ៏រឹងមាំពីរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រធានគណបក្សប្រជាជនកម្ពុជា។ ប្រឈមមុខនឹងជំងឺវីរុសកូវីដ១៩ គោលនយោបាយទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា គឺតែងប្រកាន់ខ្ជាប់គោលការណ៍យកប្រជាជនជាធំ។ ដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដូចជា ចត្តាឡីស័កដោយឥតគិតថ្លៃ ព្យាបាលដោយឥតគិតថ្លៃ និងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។

រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការទប់ស្កាត់ជំងឺវីរុស យ៉ាងចំគោលដៅក្នុងដំណាក់កាលនីមួយៗ កាត់បន្ថយការរំខានដល់ជីវភាពរស់នៅប្រជាជន ទៅតាមអ្វីដែលអាចធ្វើទៅបាន។ អ្វីដែលសំខាន់បំផុតនោះគឺ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការចាក់វ៉ាក់សាំងកូវីដជាមធ្យោបាយសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុស និងបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស។ សម្ដេចតេជោ បានសម្រេចចិត្តចាត់ទុកចិនជាបង្អែកយុទ្ធសាស្រ្ត ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា។ ទាំងនេះបានបង្ហាញថា គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ ប្រកបដោយវិទ្យាសាស្រ្ត និងប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។

* ទី២៖ គឺកម្ពុជាមានការគាំទ្រជាយុទ្ធសាស្ត្រនៃសហគមន៍វាសនារួមរវាងចិន និងកម្ពុជា។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ប្រជាជនទាំងពីរបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក។ នៅពេលចិនកំពុងជួបការលំបាកបំផុតក្នុងកិច្ចទប់ស្កាត់ជំងឺវីរុស ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងសម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាប្រជាជនកម្ពុជាបានផ្តល់ការគាំទ្រដ៏មានតម្លៃជូនដល់ភាគីចិន។

ក្រោយពេលកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ភាគីចិនបានតបស្នងសងគុណ បានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសតាមគ្រប់ទម្រង់ និងមធ្យោបាយ។ ក្រោយពេលវ៉ាក់សាំងចិនស៊ីណូហ្វាម អាចផ្គត់ផ្គង់លើទីផ្សារបាន ចិនបានផ្តល់ជំនួយមុនគេមកកាន់ប្រទេសកម្ពុជា៕