(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ការបើកទទួលទេសចរអន្តរជាតិឡើងវិញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ផ្សេងៗទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីផលប៉ះពាល់នៃការរីការាល់ដាលនៃជំងឺកូវីដ-១៩។

ការលើកឡើងរបស់លោក Patrick Murphy ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សានោះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេស លើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និងវិស័យអភិបាលកិច្ចនិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ របស់រដ្ឋាភិបាលអាមេរិក ក្នុងការជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណជា ១៥ លានដុល្លារអាមេរិក ដោយក្នុងនោះ ថវិកាទាំងនះ ត្រូវបានផ្តល់ជូនឱ្យប្រើប្រាស់តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក (USAID) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងប្រើប្រាស់ផងដែរសម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា។ លើសពីនេះនាពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូស ដែលត្រូវផ្តល់តាមរយៈយន្តការ COVAX ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការចាក់វ៉ាក់សាំងជូនដល់ ប្រជាជនកម្ពុជា។

ឯកអគ្គរដ្ឋទូត Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកទល់ពេលនេះសម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ តាមរយៈការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ជាពិសេស ការបើកទទួលទេសចរអន្តរជាតិឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដោយនេះជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីផលប៉ះពាល់នៃការរីការាល់ដាលនៃ ជំងឺកូវីដ-១៩ ផងដែរ ។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវាសុខាភិបាល, លើកកម្ពស់សន្តិសុខស្បៀង និងកែល្អជីវភាពរបស់ប្រជាជនជាពិសេស ប្រជាជននៅជនបទ អ្នកបាត់បង់ការងារនៅទីក្រុង ស្ត្រីរងគ្រោះដោយសារអំពើហិង្សា និងជនពិការ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់លើចំណុចវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលមានការកើនឡើង គួរឱ្យកត់សម្គាល់នានាថ្មីនេះផងដែរ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ភាគីទាំងពីរនឹងបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត៕