(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំណុចសំខាន់ៗដូចខាងក្រោម៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ (Sinovac) ចំនួន២លានដូសនៅពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។

* ជំនួយវ៉ាក់សាំងបន្ថែម២លានដូលនៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនទូទៅ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ និងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនដល់កុមារអាយុ៥ឆ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រាប់នាយករដ្ឋមន្រ្តីចិន ក្នុងការសន្ទនាតាមវីដេអូកាលពីថ្ងៃចន្ទថា កម្ពុជានៅតែបន្តត្រូវការវ៉ាក់សាំងរបស់ចិនបន្តទៀត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងចិននៅប្រទេសកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យពលរដ្ឋនាំកូនចៅទៅចាក់វ៉ាក់សាំង និងចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសុន្ទរកថានៅវេលាម៉ោង ១១៖២៣នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១៕