(ភ្នំពេញ)៖ ជនភៀសខ្លួនអាហ្វហ្កានីស្ថានចំនួន១៥នាក់ ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ីរបស់អាមេរិក និងក្រុមគ្រួសារ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ហើយមួយចំនួនទៀតនឹងមកជាបន្តបន្ទាប់ ខណៈដែលរាជរដ្ឋាភិបាលកំពុងត្រៀមអគារសម្រាប់ ការស្នាក់នៅជាបណ្តោះអាសន្នរបស់ពួកគេ មុននឹងទៅកាន់ប្រទេសទី៣។ នេះបើតាមការបញ្ជាក់របស់មន្រ្តជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃពុធនេះ។

ការមកដល់របស់ជនជាតិអាហ្វហ្កានីស្ថាននេះ ធ្វើឡើង ក្រោម គោលការណ៍ មនុស្សធម៌ ដោយយោងទៅតាមការ សម្រេច របស់ រដ្ឋាភិបាល កម្ពុជា កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងសភាពវឹកវរ ក្រោយការចូលកាន់កាប់របស់ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យទី១៥ សីហា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា ដែលមានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់មន្ត្រីចុះសហការជាមួយបុគ្គលិកអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា (The Asia Foundation) នាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចុះពិនិត្យទីតាំងខុនដូរ (Axis Residences) សម្រាប់ស្នាក់នៅរយៈពេលវែងរបស់បុគ្គលិកអង្គការមូលនិធិអាស៊ី (The Asia Foundation) ដែលជាពលរដ្ឋអាហ្គានីស្ថាន និងក្រុមគ្រួសារ ចំនួនប្រហែល៤០ ទៅ៥០បន្ទប់។

ក្រោយចុះពិនិត្យទីតាំងជួលខាងលើ ដែលមានលក្ខណសម្បត្តិដូចខាងក្រោម៖ -ផ្ទៃក្រឡាសរុប ២ហិកតា មាន០៨អគារ ក្នុងនោះមាន៦៤០បន្ទប់ -ក្នុងមួយអគារមាន ០៩ជាន់ ក្នុងមួយជាន់មានចាប់ពី ០៨ ទៅ១២បន្ទប់ តាមទំហំអគារ -ជាន់នីមួយៗ មានបន្ទប់០៣ប្រភេទ៖ ១-បន្ទប់គ្រែមួយ ទំហំ ៦០ម៉ែត្រការេ ២-បន្ទប់គ្រែពីរ ទំហំ ៨០ម៉ែត្រការេ, ៣-បន្ទប់ Studio ទំហំ ៤៥ម៉ែត្រការ៉េ -មានសន្តិសុខយាម២៤ម៉ោង នៅតាមច្រកទ្វារចេញ-ចូលខាងមុខ និងច្រកទ្វារចេញ-ចូលតាមអាគារនីមួយៗ។

ដោយពិនិត្យឃើញថា អាគារខុនដូរខាងលើមានច្រើនយូនីត(Unit)ដែលអាចឱ្យពលរដ្ឋអាហ្គានីស្ថានទាំងនោះស្នាក់នៅប្រមូលផ្ដុំតែមួយកន្លែងបាន ងាយស្រួលក្នុងការការពារសន្តិសុខ សុវត្ថិភាពរបស់ពួកគេ ហើយស្ថិតនៅជិតព្រលានយន្តហោះផងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើបានសុំគោលការណ៍ពី សម្តេចក្រឡារហាម អនុញាតឱ្យអង្គការមូលនិធិអាស៊ីជួលទីតាំងខាងលើសម្រាប់ប្រើប្រាស់អោយពលរដ្ឋអាហ្វហ្កានីស្ថានទាំងនោះ ស្នាក់នៅបណ្តោះអាសន្នរហូូតដល់ពួកគេចាកចេញទៅប្រទេសទី៣៕