(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានណែនាំដល់ក្រុមការងារបច្ចេកទេសគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយ ដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះរួចហើយ ដោយត្រូវថតរូបទុក និងដាក់ឈ្មោះជាភាសារខ្មែរ និងបរទេស ដែលធ្លាប់ហៅតាំងពីពេលមុនៗ រហូតមកដល់បច្ចុប្បន្ន។

ការណែនាំបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អំពីសមិទ្ធផលការងារប្រចាំឆ្នាំ ២០២០-២០២១ តាមប្រព័ន្ធវីដអូ ZOOM។

ថ្លែងបើកកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវបានអាក់ខាន ចាប់តាំងពីចុងឆ្នាំ២០១៩ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាសាកល ប៉ុន្តែជំងឺកូវីដ១៩ មិនអាចបញ្ឈប់នូវសកម្មភាពរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានទេ។ ជាក់ស្តែងបណ្តាក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅតែដំណើរទៅមុខជាបន្តបន្ទាប់ ទៅតាមការប្រគល់ភារកិច្ច។

សម្តេចពិជ័យសេនា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមទាំងសមាជិក សមាជិការ និងអភិបាលខេត្តទាំង៤ ដែលបានចូលរួមយ៉ាងសកម្ម ខិតខំអនុវត្តការងារសំរេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងពេលកន្លងមក។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញឱ្យបន្តពង្រឹងទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រឱ្យបានរឹងមាំ និងចូលរួមទប់ស្កាត់បទល្មើសលើផ្ទៃសមុទ្រ។

នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំនេះ អគ្គលេខាធិការដ្ឋាន ជាសេនាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមជាមួយនឹងទីបញ្ជាការជួរមុខ ដែលជាប្រតិបត្តិករ បានបំពេញនូវភារកិច្ចស្នូល ក្នុងកិច្ចការសម្របសម្រួលកិច្ចប្រតិបត្តិការ នៃកម្លាំងចម្រុះរបស់បណ្តាស្ថាប័នជំនាញពាក់ព័ន្ធទៅតាមផែនការ សកម្មភាពក៏ដូចជាផែនការយថាភាពយ៉ាងសកម្ម ខ្ជាប់ខ្ជួននិងមានប្រសិទ្ធិភាព។

នាយឧត្តមនាវី ទៀ វិញ បានបញ្ជាក់ទៀតថា ពិនិត្យជារួមឆ្នាំ២០២០ និងឆ្នាំ២០២១នេះរក្សាបាននូវសុខសុវត្ថិភាពសន្តិសុខលើ ផ្ទៃសមុទ្រ បង្កលក្ខណៈអំណោយផល ដល់ជីវភាពរស់នៅការប្រកបអាជីវកម្មនេសាទរបស់ប្រជាពលរដ្ឋ និងធានាបានសុវត្ថិភាពដល់ការងារដឹកជញ្ជូនតាមផ្លូវសមុទ្រ បណ្តាសកម្មភាពល្មើសច្បាប់នានាបានថយចុះមកនៅកំរិតទាបបំផុត។ ទោះបីជាប្រឈមនឹងកង្វះខាតទាំងឡាយ ជាពិសេស គឺធនធានសម្ភាបច្ចេកទេស គ្រឿងបំពាក់ ក៏ដូចជាសមត្ថភាព នៃធនធានមនុស្ស នៅមានកំរិត ប៉ុន្តែអាស្រ័យដោយមានសាមគ្គីភាពរឹងមាំ និងការសហការគ្នាបានល្អ។ លើសពីនេះទៀត ដោយបានការដឹកនាំចង្អុលបង្ហាញផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ជាប់ជានិច្ចដល់អគ្គលេខាធិការដ្ឋាន ពីសំណាក់សម្តេចពិជ័យសេនា ស្ថាប័នជំនាញទាំងឡាយបានសហការបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ។

បើតាមឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ, អគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេស គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបង្ហាញជូនកិច្ចប្រជុំស្ដីពីសមិទ្ធផលការងារ ឆ្នាំ២០២០-២០២១ របស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលក្នុងនោះរួមមាន៖

*ការផ្ទៀងផ្ទាត់ និងរាប់ចំនួនកោះដែលបានបញ្ចប់ទាំងស្រុងដោយមានការឯកភាព និងចុះហត្ថលេខា ដោយអភិបាលខេត្តទាំង៤ ជាមួយនឹងប្រធានក្រុមការងារបច្ចេកទេស គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ
*ការងារជំនាញផ្នែកមុជទឹក
*ការហ្វឹកហ្វឺន
*ការជួយសង្គ្រោះការរួមចំណែកក្នុងការស្រាវជ្រាវ គាំពារបរិស្ថាន និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ។

របាយការណ៍ក៏បានបង្ហាញពីលទ្ធផល នៃការសាងសង់ស្នាក់ការ និងផែនៅកោះពោធិ៍ក្នុងខេត្តកែប ដែលបានបញ្ចប់ជាស្ថាពរ, សំណង់អគារទីបញ្ជាការជួរមុខថ្មី (កោះព្រាប) ដែលសាងសង់សម្រេចបាន ៨០% និងការចូលរួមបង្រ្កាបបទល្មើសនេសាទ បទល្មើសគ្រឿងញៀន ការតាមស្វែងរកនាវាលួចដឹកប្រេងឆៅ អិម ធី ស្តូវ៉ូឡូ (MT Stovolos) និងការពារសុវត្ថិភាពនៅកន្លែងបូមប្រេង និងនាវាផលិតកម្ម៕