(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្ដទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា បានបន្ដចុះបេសកកម្មផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចំនួន ២៥៤គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅ១៣ភូមិ ឃុំកាឡែង ឃុំជ័យឧត្តម និងឃុំសេដា ស្រុកលំផាត ខេត្តរតនគិរី នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត និងសមាជិក សមាជិកា សាខា-អនុសាខា ខេត្តរតនគិរី។

អំណោយមនុស្សធម៌នេះ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប, ទឹកស៊ីអ៊ីវ៦ដប, និងបណ្ណប្រកាសអំពីជំងឺកូវីដ-១៩ ចំនួន២សន្លឹក។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត បានថ្លែងក្រើនរម្លឹកដល់ប្រជាពលរដ្ឋថា «យើងទាំងអស់គ្នាអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនដែលបំភ្លេចយើងទេ ឲ្យតែយើងភ្លេចខ្លួន ឬធ្វេសប្រហែសតែបន្តិច យើងអាចបាត់បងជីវិតដោយសារវាបាន ព្រោះវាជាសត្រូវគ្មានរូបរាង សូមប្រជាពលរដ្ឋចូលរួមអនុវត្តនូវវិធានការពារជំងឺកូវីដ១៩ តាមការណែនាំរបស់រាជដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយពាក់ម៉ាសឲ្យបានត្រឹមត្រូវ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតយ៉ាងតិច១ម៉ែត្រកន្លះ»

ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជួយដល់រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត ឱ្យបានទាន់ពេលវេលា៕