(ភ្នំពេញ)៖ បន្ទាប់ពីពិធីបើកកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុបលើកទី ១១ (ASEP11) ដ៏អធិកអធមជាមួយនឹងវត្តមានដ៏ឧត្តុងឧត្តម និងការថ្លែងសុន្ទរកថាគន្លឹះដ៏មានអត្ថន័យខ្លឹមសាររបស់ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា និងតំណាងសភាសហគមន៍អឺរ៉ុបរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ទេរសិទ្ធិជាប្រធានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ចប្រជុំ ASEP11 ជូនទៅ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិ ASEP11 ដើម្បីបន្តដឹកនាំដំណើរការនៃកិច្ចប្រជុំ។

ជាមួយគ្នានេះ កិច្ចប្រជុំបានជ្រើសរើសសហប្រធានដឹកនាំកិច្ចប្រជុំដោយស្ម័គ្រចិត្តចំនួនពីររូបទៀតមាន លោកស្រី ស៊ីរីន ស្សាមីន ឆូតឌូរី (Shiirin Sharmin Chaudhury) ប្រធានសភាបង់ក្លាដេស និងលោកស្រី ហីតឌី អូតាឡា (Heidi HAUTALA) អនុប្រធានសភាសហគមន៍អឺរ៉ុប ជាតំណាងប្រធានសភាសហគមន៍អឺរ៉ុប។ ដោយឡែក របៀបវារៈនៃកិច្ចប្រជុំពេញអង្គលើកទី ១ នាពេលនេះរួមមាន៖ ការជម្រាបជូនអង្គប្រជុំនូវរបាយការណ៍អំពីនីតិវិធីនៃការប្រព្រឹត្តទៅរបស់កិច្ចប្រជុំ ASEP11 សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំជាតំណាងសភានៃប្រទេសសមាជិក ASEP ដែលបានចុះឈ្មោះឡើងថ្លែង និងការបូកសរុបវាយតំលៃរបស់សហប្រធាននៃកិច្ចប្រជុំ ASEP។

ជាកិច្ចចាប់ផ្តើម លោកស្រីបានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានចូលរួមរបស់គណៈប្រតិភូមកពីទ្វីបទាំងពីរអាស៊ី អឺរ៉ុប ស្ថាប័នជាដៃគូរ និងភ្ញៀវកិត្តិយសនាពេលនេះ ដែលបានបង្ហាញអំពីសារៈសំខាន់ដ៏មានតំលៃរបស់កិច្ចប្រជុំ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិ និងការរាំងស្ទះផ្សេងៗកើតឡើងដោយសារតែមេរោគរាតត្បាតសកលកូវីត-១៩។

កិច្ចប្រជុំនាពេលនេះ មានការចូលរួមពីប្រទេសជាសមាជិក ASEP ចំនួន ៣២ ប្រទេស ដៃគូរចំនួន ២ (សហភាពអឺរ៉ុប និងអគ្គលេខាធិការដ្ឋានអាស៊ាន) និងស្ថាប័នជាភ្ញៀវកិត្តិយសចំនួន ២ (អង្គការសហព័ន្ធសន្តិភាពសកល(UPF) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)។ សូមគូសបញ្ជាក់ផងដែរថា មានឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំសភា ក៏ដូចជាប្រធានប្រតិភូតំណាងសភានីមួយៗមកពី ១៩ ប្រទេស បានចុះឈ្មោះថ្លែងបទអន្តរាគមន៍ ដែលក្នុងនោះ ឋានៈជាប្រធានសភាចំនួន ៣ និង អនុប្រធានសភាចំនួន ៣ ។

លោកស្រីបានបន្តជម្រាបជូនអង្គប្រជុំពាក់ព័ន្ធទៅនឹងការគណៈកម្មាធិការរៀបចំសេចក្តីព្រាងសេចក្តីប្រកាសរួម (ASEP11 Joint-Declaration) ដោយប្រទេសជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបានសម្រេចចាត់តាំង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាងសេចក្តីប្រកាសរួម។

មុននឹងផ្តល់វេទិកាអោយប្រតិភូអញ្ជើញឡើងថ្លែង លោកស្រី ឃួន សុដារី បានអញ្ជើញសហប្រធានទាំងពីរ អញ្ជើញមានមតិដោយធ្វើការណែនាំខ្លួន និងចំណាប់អារម្មណ៍ជាសង្ខេប។ សហប្រធានមកពីបង់ក្លាដេស និងសភាសហគមន៍អឺរ៉ុប បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនាពេលនេះបានល្អឥតខ្ចោះ ហើយយើងទំាងអស់គ្នាមានការចាប់អារម្មណ៍ចំពោះរបៀបគ្រប់គ្រងរបស់កម្ពុជាក្នុងការជម្នះនូវរាល់ឧបសគ្គដើម្បីរៀបចំកិច្ចប្រជុំនេះដោយវិជ្ជាជីវៈ ទោះបីទទួលបន្ទុកជាច្រើនដែលបណ្តាលមកពីភាពមិនច្បាស់លាស់នៃជំងឺរាតត្បាតក៍ដោយ។

លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជានិងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកឡើងថា សង្គមអាស៊ី និងអឺរ៉ុបកំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលដោយផ្ទាល់ដល់ជីវិត និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។ បញ្ហាប្រឈមទាំងនោះគឺមាន ភេរវកម្ម ជម្លោះចាស់ និងថ្មី ជនភៀសខ្លួន ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ វិសមភាពសង្គម និងយេនឌ័រ ឧក្រិដ្ឋកម្មរៀបចំទុកជាមុន គ្រោះធម្មជាតិគម្លាតផ្នែកបច្ចេកវិទ្យា ព្រមទាំងបញ្ហាសំខាន់ៗដទៃទៀត។ បញ្ហាប្រឈមទាំងនោះមានទំនាក់ទំនងគ្នាទៅវិញទៅមក។ លោកបានលើកឡើងថា បញ្ហាទំាងនោះអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពបានលុះត្រាតែតំបន់ទាំងពីរ អាស៊ី និងអឺរ៉ុបត្រូវរួបរួមគ្នា និងធ្វើការជាមួយគ្នានៅលើវេទិកាអន្តរជាតិនានា។

ប្រធានប្រតិភូសភាកម្ពុជា បានគូសបញ្ជាក់ថា មូលបទនាពេលនេះមានសារសំខាន់ណាស់សម្រាប់ពិភពលោកយើងសព្វថ្ងៃ។ មូលបទនៃកិច្ចប្រជុំមានភាពពាក់ព័ន្ធទៅនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ហើយដែលជាកង្វល់ដ៏ធំមួយសម្រាប់តំបន់ និងពិភពលោកទាំងមូល។ លោកបានគូសបញ្ចាក់ថា ភាពជាដៃគូដែលបានបង្កើតឡើងរវាងតំបន់អាស៊ី និងអឺរ៉ុបពិតជាមានសារសំខាន់ណាស់ ក្នុងការពិភាក្សា និងបន្តកិច្ចសហប្រតិបត្តិការគ្នាលើបញ្ហាពាក់ព័ន្ធសកលលើវិស័យនយោបាយ។

គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំពេញអង្គលើកទី១ នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ដែលប្រតិភូតំណាងសភាប្រទេសនីមួយៗអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងមូលបទ «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩»។ ប្រតិភូនីមួយបានន្លែងកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំប្រកបដោយអត្ថន័យនិងដំណើរដ៏រលូនរបស់សភាកម្ពុជា ព្រមទាំងបានធ្វើសេចក្តីថ្លែងការណ៍យ៉ាងក្បោះក្បាយ និងស៊ីជម្រៅលើបញ្ហាសកល ក្នុងគោលបំណងរិះរកនូវយុទ្ធសាស្រ្ត និងមធ្យោបាយក្នុងការដោះស្រាយបញ្ហាទាំងនោះ ដោយផ្អែកលើពហុភាគីនិយម ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងភាពជាដៃគូ។ ក្នុងបទអន្តរាគមន៍សុទ្ធសឹងតែបានបង្ហាញនូវក្តីបំណងប្រាថ្នារួម បម្រើនូវផលប្រយោជន៍រួម ព្រមទាំងបន្តពង្រឹងភាពជាដៃគូសភា សម្រាប់សន្តិភាព និងការអភិឌ្ឍដោយចីរភាព។

មុននឹងបិទបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី ១ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានមតិបូកសរុប ដោយបានកោតសរសើរ និងធ្វើការវាយតំលៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូទាំងអស់ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការលើកកម្ពស់ភាពជាដៃគូរបស់សភាសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអំឡុងពេល និងក្នុងយុគសម័យក្រោយជំងឺរាតត្បាត។ លោកស្រីបានសង្តត់ធ្ងន់ថា ជំងឺរាតត្បាត Covid-19 បានប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសង្គម និងសេដ្ឋកិច្ចរបស់យើងជាខ្លាំង ហើយ សន្តិភាព និងស្ថិរភាពក៏ត្រូវបានបំផ្លិចបំផ្លាញដោយជំងឺរាតត្បាតផងដែរ។ លោកស្រី បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជា និងការប្រែប្រួលកាន់តែខ្លាំងឆាប់រហ័សនៃពិភពលោក យើងទាំងអស់គ្នាត្រូវបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃសន្តិភាព ដើម្បីសម្រេចបាននូវការស្តារឡើងវិញក្រោយជំងឺរាតត្បាតប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។ ជាមួយគ្នានេះផងដែរ យើងក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ ដែលក្នុងនោះការទូតសភា និងភាពជាដៃគូមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត៕