(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងពីភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ពីភាពរហ័សរហួនក្នុងការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានលឿនទាន់សភាពការណ៍ រាប់ពីក្មេងរហូតដល់មនុស្សចាស់ ដែលបានចាក់វ៉ាក់សាំងស្ទើរតែបានគ្រប់ៗគ្នាទៅហើយនៅក្របខណ្ឌទូទាំងប្រទេស។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីកឋិនទានប្រគេនបច្ច័យដល់វត្តវាំងកែវ ហៅវត្តព្រែកស្បូវ ស្ថិតនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកអភិបាលខេត្តបានថ្លែងបន្ថែមទៀតថា សម្ដេចតេជោបានអភិវឌ្ឍនៅមូលដ្ឋានស្រុកកោះធំនេះកាន់តែខ្លាំងឡើងៗហើយ ដែលញ៉ាំងឲ្យមានរីកចម្រើនលើច្រើនវិស័យ ហើយពិសេសនេះគឺផ្ដើមចេញពីសុខសន្តិភាពដែលខិតខំរកបានមកដោយលំបាក ដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្ដេជ្ញាថែរក្សាការពារសន្តិភាពឲ្យបានជាដាច់ខាត។

លោកអភិបាលខេត្តបានអះអាងទៀតថា ដោយសារតែបានសម្ដេចតេជោមានភាពឈ្លាសវៃក្នុងទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈយុទ្ធសាស្ត្រជាច្រើនក្នុងនោះការចាក់វ៉ាក់សាំងជាកិច្ចការចាំបាច់បំផុត ត្រូវធ្វើឲ្យបានលឿនសម្រាប់ចាក់គ្រប់ពលរដ្ឋគ្រប់លក្ខខណ្ឌ ទើបកម្ពុជាមានការធូរស្បើយជំងឺកូវីដ១៩នេះ មិនដូចបរទេសទេដែលកំពុងញាំញីដោយជំងឺកាចសាហាវនេះ។

លោកអភិបាលខេត្តក៏នៅតែបន្តទទូចអំពាវនាវដល់ពលរដ្ឋទាំងអស់សូមថែរក្សាខ្លួនពីជំងឺកូវីដ១៩ ដ្បិតបានចាក់វ៉ាក់សាំងគ្រប់គ្នាហើយក្ដី ប៉ុន្តែកាតព្វកិច្ចក្នុងការចូលរួម ត្រូវធ្វើឲ្យបានល្អទាំងអស់គ្នា សំដៅកាត់ផ្ដាច់ការចម្លងជំងឺនេះឲ្យអស់ពីកម្ពុជា៕