(ភ្នំពេញ)៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក់ថា ពិនិត្យជារួមឆ្នាំ២០២០ និងឆ្នាំ២០២១នេះ សុខសុវត្ថិភាពសន្តិសុខលើផ្ទៃសមុទ្រ បង្កលក្ខណៈអំណោយផលដល់ជីវភាពរស់នៅ ការប្រកបអាជីវកម្មនេសាទរបស់ប្រជាពលរដ្ឋ និងធានាបានសុវត្ថិភាពដល់ការងារដឹកជញ្ជូនតាមផ្លូវសមុទ្រ ហើយបណ្តាសកម្មភាពល្មើសច្បាប់នានាបានថយចុះមកនៅកម្រិតទាបបំផុត។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមនាវី ទៀ វិញ បានធ្វើឡើងនៅក្នុងពិធីកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីពិភាក្សាលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២០-២០២១ តាមប្រព័ន្ធវីដេអូ «Zoom» ក្រោមអធិបតីភាពរបបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នាយឧត្តមនាវី ទៀ វិញ បានឱ្យដឹងថា ឆ្លងកាត់រយៈពេលប្រមាណ ២ឆ្នាំកន្លងមកនេះ ជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវបានឆក់យកជីវិតមនុស្សនៅបណ្តាប្រទេសមួយចំនួនលើពិភពលោករាប់លាននាក់ ដែលក្នុងនោះរាប់ទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ នាយឧត្តមនាវី ទៀ វិញ បានបន្តថា ជំងឺកូវីដ១៩ បានបង្កនូវការភ័យខ្លាច និងផលវិបាកយ៉ាងធ្ងន់ធ្ងរ ធ្វើអោយប៉ះពាល់ដល់សេដ្ធកិច្ចជាតិ ក៏ដូចជាធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។ បច្ចុប្បន្ននេះ ជំងឺដ៏កាចសាហាវនេះ វានៅតែបន្តការយាយីដល់ជីវិតមនុស្ស ប្រសិនណាជាមានការធ្វេសប្រហែស។ មកទល់ពេលនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្តល់នូវវ៉ាក់សាំង អត្រាឆ្លង និងស្លាប់ដោយសារកូវីដ១៩ មានភាពថយចុះ ក៏ប៉ុន្តែទោះជាណានេះក្តី យើងទាំងអស់គ្នាត្រូវតែបន្តការប្រុងប្រយ័ត្ន។

នាយឧត្តមនាវី ទៀ វិញ បានបញ្ជាក់ថា រយៈពេល២ឆ្នាំនេះ អគ្គលេខាធិការដ្ឋានជាសេនាធិការ នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហ សមុទ្ររួមជាមួយនឹងទីបញ្ជាការជួរមុខ ដែលជាប្រតិបត្តិករបានបំពេញនូវភារកិច្ចស្នូលក្នុងកិច្ចការ សម្របសម្រួលកិច្ចប្រតិបត្តិការ នៃកម្លាំងចម្រុះរបស់បណ្តាស្ថាប័នជំនាញពាក់ព័ន្ធ ទៅតាមផែនការ សកម្មភាពក៏ដូចជាផែនការយថាភាពយ៉ាងសកម្មខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាព។

នាយឧត្តមនាវី ទៀ វិញ បានគូសបញ្ជាក់ថា៖ «ពិនិត្យជារួមឆ្នាំ២០២០ និងឆ្នាំ២០២១នេះ យើងរក្សាបាននូវសុខសុវត្ថិភាពសន្តិសុខលើផ្ទៃសមុទ្របង្កលក្ខណៈអំណោយផលដល់ជីវភាពរស់នៅ ការប្រកបអាជីវកម្មនេសាទរបស់ប្រជាពលរដ្ឋ និងធានាបានសុវត្ថិភាពដល់ការងារដឹកជញ្ជូនតាមផ្លូវសមុទ្រ បណ្តាសកម្មភាពល្មើសច្បាប់នានាបានថយចុះមកនៅកម្រិតទាបបំផុត»។

បន្ថែមពីនេះ នាយឧត្តមនាវី ទៀ វិញ បានលើកឡើងថា ទោះបីជាប្រឈមនឹងកង្វះខាតទាំងឡាយជាពិសេស គឺធនធានសម្ភារបច្ចេកទេស គ្រឿងបំពាក់ ក៏ដូចជាសមត្ថភាព នៃធនធានមនុស្សនៅមានកម្រិត ប៉ុន្តែ អាស្រ័យដោយមានសាមគ្គីភាពរឹងមាំ និងការសហការគ្នាបានល្អ លើសពីនេះទៀត ដោយបានការដឹកនាំចង្អុលបង្ហាញផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ជាប់ជានិច្ចដល់អគ្គលេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ស្ថាប័នជំនាញទាំងឡាយបានសហការបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ៕