(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសរសេរលិខិតមួយផ្ញើទៅកាន់ លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ អំពីការបដិសេធធសំណើសុំចុះបញ្ជីគណបក្សនយោបាយឲ្យគណបក្សមួយនេះ។

តាមលិខិតនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ដូច្នេះថា៖ «តបតាមកម្មវត្ថុ និងយោងខាងលើ ក្រសួងមហាផ្ទៃសូមជម្រាបលោកតំណាងស្ថាបនិកគណបក្សថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធការសុំចុះបញ្ជីរបស់ “គណបក្សបេះដូងជាតិ” ដោយសារការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតធ្វើឱ្យខូចគុណភាពដើម្បីបង្កើនបរិមាណចំនួនសមាជិក ព្រមទាំងខ្លឹមសារប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ»

ក្រៅពីសម្រេចមិនចុះបញ្ជីឱ្យ «គណបក្សបេះដូងជាតិ» ក្រសួងមហាផ្ទៃក៏បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងតំណាងស្ថាបនិកគណបក្សនេះទៅតុលាការ ដើម្បីចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីស្រាវជ្រាវរកឃើញ ភាពទុច្ចរិតក្នុងការប្រមូលស្នាមេដៃកន្លងមក។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកអះអាងទៀតថា ក្រសួងមហាផ្ទៃ ក៏នឹងធ្វើការស្រាវជ្រាវបុគ្គល ដែលមានចេតនាទុច្ចរិតក្នុងការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃឱ្យខូចគុណភាពផងដែរ។

គណបក្សបេះដូងជាតិ ដែលមាន លោក សៀម ភ្លុក ជាតំណាងស្ថាបនិក បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅកាន់ក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០២១។ គណបក្សនេះ ត្រូវបានសារព័ត៌មានមួយចំនួនផ្សព្វផ្សាយថា បង្កើតឡើងដោយក្រុមរបស់ លោកសម រង្ស៉ី ខណៈដែលបក្សថ្មីមួយចំនួនបង្កើតឡើងដោយក្រុមមនុស្សធ្លាប់ស្និទ្ធនឹង លោក កឹម សុខា។

ទោះជាយ៉ាងនេះក្តី ក្នុងដំណើរការរៀបចំឯកសារចុះបញ្ជី គណបក្សនេះ ធ្លាប់ត្រូវបានព្រមានដោយក្រសួងមហាផ្ទៃ២ដងរួចទៅហើយ ដោយសារតែ មិនកែសម្រួលលក្ខន្តិកៈរបស់ខ្លួន ឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនក្រសួងមហាផ្ទៃ ឱ្យទាន់ពេលវេលា៕