(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីមន្រ្តីក្រសួងទេសចរណ៍កម្ពុជា រួមទាំងបណ្តារដ្ឋមន្រ្តីទេសចរណ៍ អាស៊ាននានា នៅថ្ងៃនេះ បានជួបជុំគ្នានៅប្រទេសវៀតណាម ដើម្បីពិភាក្សាគ្នា អំពីការទាក់ទាញ​ភ្ញៀវទេសចរក្រៅតំបន់ ឱ្យចូលមកកម្សាន្តនៅក្នុងតំបន់កាន់តែច្រើនឡើងថែមទៀត។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងខណៈដែលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ចូលរួមព្រឹត្តិការណ៍ឆ្នាំទស្សនាវៀតណាម ២០១៦ (Visit Vietnam Year 2016) ដែលរៀបចំឡើង នៅកោះភូគួក ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

រដ្ឋមន្រ្តីទេសចរណ៍ វៀតណាម កម្ពុជា ឡាវ ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន បានជជែកគ្នាអំពី ការពង្រឹង និង បង្កើនលក្ខណៈត្រៀមទទួលទេសចរក្នុងតំបន់អាស៊ាន និង ទេសចរអន្តរជាតិ មកទស្សនាតំបន់​អាស៊ាន​ឲ្យបានច្រើន ដោយក្នុងនោះ ផ្តោតសំខាន់លើទេសចររុស្ស៊ីផងដែរ ។

ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីសំណាក់ លោក  Vnokov Kostantin ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសវៀតណាម ដែលលោកបានផ្តល់គំនិតមួយចំនួន ដើម្បីឲ្យអាស៊ានទទួល​ទេសចររុស្ស៊ី​កាន់តែច្រើន ក្នុងនោះត្រូវមានការជំរុញ ការតភ្ជាប់ការហោះហើរត្រង់ ដូចជា Charte Flight និង Direct Flight និង Daily Direct Flight ព្រមទាំងរៀបចំអភិវឌ្ឍផលិតផលទេសចរណ៍នានា ពិសេសនៅតាមតំបន់ឆ្នេរ ដោយយកចិត្តទុកដាក់រៀបចំ ជា Play Ground សម្រាប់កុមារ ព្រោះទេសចររុស្ស៊ី ចូលចិត្តនាំកូនតូចៗ និងក្រុមគ្រួសារ មកជាមួយ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់អំពីស្ថានភាពទេសចរណ៍នៅកម្ពុជា ហើយបានជំរាបថាកម្ពុជាក៏ដូចអាស៊ាន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលទេសចររុស្ស៊ី ទាំងនៅអង្គរវត្ត រាជធានីភ្នំពេញ និងតំបន់ឆ្នេរនិងកោះកម្ពុជា។

សូមជំរាបថា ប្រទេសរុស្ស៊ីមានពលរដ្ឋទេសចរចេញក្រៅប្រទេសប្រមាណជាង ៣០លាននាក់ក្នុងមួយឆ្នាំៗ ក្នុងនោះរុស្ស៊ីមកទស្សនាតំបន់អាស៊ាន ទើបនឹងទទួលបានប្រមាណ ៤លាននាក់ប៉ុណ្ណោះ៕