(សៀមរាប)៖ នៅប្រមាណម៉ោង៣៖០០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តី-អាជ្ញាធរខេត្ត ចុះធ្វើយុទ្ធនាការដាំកូនឈើជាង១៦០ដើម នៅតាមមាត់ស្ទឹងខេត្តសៀមរាប។

លោក ឃឹម ប៊ុនសុង បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា យុទ្ធនាការដាំកូនឈើនេះមាន ដើមរាំងទឹកចំនួន១២០ដើម ដើមរំដួល៤០ដើម រួមទាំងដើមចំប៉ីមួយចំនួនទៀត ដើម្បីរំលឹកឡើងវិញ អនុស្សាវរីយ៍បទចម្រៀងអ្នកជំនាន់មុន។ លោកថា បទចម្រៀងចាស់ៗដូចជា រំដួលដងស្ទឹងសៀមរាប ចំប៉ីសៀមរាប របស់លោកតា ស៊ិន ស៊ីសាមុត សុទ្ធតែបានរំលេចនូវដើមឈើទាំងនេះ នៅតាមដងស្ទឹងសៀមរាប ប្រកបដោយភាពទាក់ទាញ។

លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការដាំកូនឈើតាមមាត់ស្ទឹងសៀមរាប នាពេលនេះ មិនមែនត្រឹមតែរំលឹកអនុស្សាវរីយ៍បទចម្រៀងចាស់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការតុបតែងលម្អ ដល់សោភ័ណភាពស្ទឹងសៀមរាប ក៏ដូចជាក្រុងសៀមរាប ឱ្យកាន់តែសម្រស់ឡើងថែមទៀត។

សូមជំរាបថា ខេត្តសៀមរាប ជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាគេ នៅក្នុងចំណោមបណ្តាទាំង២៥ រាជធានី-ខេត្ត របស់កម្ពុជា។ របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា នៅឆ្នាំ២០១៥ កន្លងទៅនេះ ភ្ញៀវទេសចរបរទេសទៅកាន់ខេត្តសៀមរាប មានរហូតដល់ ២.១២៤.៨៦៣នាក់។

ជាមួយគ្នានេះនៅព្រឹកថ្ងៃដដែលនោះ អភិបាលក្រុងសៀមរាប និងស្នងការរងនគរបាលខេត្តលោក អ៊ុំ អមរ៉ា បានដឹកនាំកម្លាំងយុវជន និងមន្រ្តីរាជការក្រោមឱវាទ ចុះរើសសំអាតបរិស្ថាននៅទីរួមខេត្តនោះផងដែរ៕