(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានជាមុនដល់អ្នកនយោបាយ ដែលប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីបង្កើនប្រជាប្រិយភាពសន្លឹកឆ្នោត ក្នុងករណី​ចោទសម្តេចថា បានរៀបចំកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដើម្បីសន្លឹកឆ្នោតដែរ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អ្នកនយោបាយទាំងនោះ បានប្រើប្រាស់ Facebook កន្លងមកដើម្បីវាយប្រហារ បន្ទុបបង្អាប់អ្នកដទៃ ហើយលើកខ្លួនឯងឡើង ដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ។

ក្នុងពិធីប្រគល់រង្វាន់ជូន បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សង្ឃឹមអ្នកដទៃមិនចោទខ្ញុំថា (កម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជា)គឺខ្ញុំធ្វើដើម្បីសន្លឹកឆ្នោត លោកឯងធ្វើដើម្បីអ្វីៗគឺដើម្បីសន្លឹកឆ្នោត ខ្ញុំក៏ធ្វើដើម្បីសន្លឹកឆ្នោតដែរ និយាយ ឱ្យវាត្រង់តែម្តងទៅ! លោកឯងដើរវាយប្រហារគេ លោកឯងដើរបង្អាប់គេ លោកឯងដើរលើកខ្លួនឯងក្រែងដើម្បីសន្លឹកឆ្នោត ហើយចុះខ្ញុំធ្វើរាល់ថ្ងៃ ក្រែងខ្ញុំធ្វើដើម្បីសន្លឹកឆ្នោតដែរ»

សម្តេចតេជោ បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើង ដើម្បីបំផុសឱ្យយុវជន ជាពិសេសអ្នកលេង Facebook ចូលរួមពង្រឹងសីលធម៌សង្គម និងសីលធម៌របស់ខ្លួន ហើយជៀសវាងនូវការជេរប្រមាថ។ សម្តេចថា កម្មវិធីនេះ នរណាក៏អាចបង្កើតឡើងបានដែរ ហើយសម្តេចនឹងចូលរួមវិភាគទាន បើសិនជាមាននរណាបង្កើតកម្មវិធីនេះ ដើម្បីកូនខ្មែរ។

សម្តេចថា «ស័ក្តនៅលើស្មាររបស់ខ្ញុំ គឺនាយករដ្ឋមន្រ្តីកម្ពុជា ខ្ញុំត្រូវលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាយល់ដឹង អំពើល្អ និងប្រើបច្ចេកវិទ្យាព័ត៌មាន»។ សម្តេចតេជោ បន្ថែមថា «ខ្ញុំសុំលើកទឹកចិត្ត បើសិនជាមាននរណា ទោះបីជាបក្សប្រឆាំងក៏ដោយ ខ្ញុំក៏អាចចូលរួមវិភាគទានជាមួយគ្នាដែរ គឺធ្វើដើម្បីសង្គម អត់មានថា គេបង្កើតដើម្បីប្រជាប្រិយទេ»

សូមបញ្ជាក់ថា បន្ទាប់ពីទទួលការចុះឈ្មោះ និងឯកសារប្រកួតប្រជែង ចាប់ពីថ្ងៃទី០១ ខែមេសាមក កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានរកឃើញម្ចាស់ជ័យលាភី១០រូប ដែលទទួលបានការគាំទ្រច្រើនជាងគេ។
ម្ចាស់ជ័យលាភី១០រូបនោះ រួមមាន៖
១៖ ប៉ែន លីហេង (វីដេអូ)
២៖ សៀន វិរៈ (វីដេអូ)
៣៖ ជា រ៉ាមី (វីដេអូ)
៤៖ ងួន លក្ខណៈ (កំណាព្យ)
៥៖ លឿន ផូស្រីនាង (វីដេអូ)
៦៖ នុត រដ្ឋា (វីដេអូ)
៧៖ រស់ សាវី (វីដេអូ)
៨៖ នួន ស៊ីនឿន (កំណាព្យ)
៩៖ រឿន សុខុន (កំណាព្យ)
១០៖ សុធារ វង្ស (វីដេអូ)៕