(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានណែនាំ និងត្រួតពិនិត្យកម្លាំងនគរបាលចរាចរណ៍ ដើម្បីត្រៀមលក្ខណៈ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលលំហូរចរាចរណ៍ ជូនប្រជាពលរដ្ឋក្នុងអំឡុង បុណ្យចូលខ្មែរប្រពៃណីជាតិពីថ្ងៃទី១២, ១៣, ១៤, ១៥ និងទី១៦ ខែមេសា ឆ្នាំ ២០១៦។

លោកឧត្តមសេនីយ៍ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្តអនុវត្តភារកិច្ច ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍ជូន ប្រជាពលរដ្ឋទាំងមុន អំឡុងពេល និងក្រោយពេលចូលឆ្នាំខ្មែរ។

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍សូមអំពាវនាវ ដល់អ្នកបើកបរទាំងអស់ សូមមេត្តាកុំផ្ទុកមនុស្សលើសកំណត់ ឬផ្ទុកសំពីងសំពោង កុំផ្ទុកមនុស្សលើដំបូលរថយន្ត កុំបើកបរល្មើស​ល្បឿន​កំណត់ ឬ​ក្នុងស្ថានភាពស្រវឹង និងសូមមេត្តាយោគយល់អធ្យាស្រ័យគ្នា ក្នុងពេលបើកបរ ដើម្បីសេចក្តីសុខនិងសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕