(ត្បូងឃ្មុំ)៖ ភរិយារបស់អភិបាលងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ លោកស្រី គឹង មណីការ បានចេញមកច្រានចោល និងបដិសេធ​ចំពោះការចោទប្រកាន់របស់ស្រ្តីម្នាក់ ថា​លោកស្រីបានខ្ចីខ្សែកគាត់យក​ទៅពាក់ការកូនតែមិនសង គឺតាមការពិត​លុយចំនួន​​២៨៥០ដុល្លារ​នោះ ជាលុយកក់ដី ក្រោយពីស្រ្តីឈ្មោះ ចេង វណ្ណា បានកក់លុយទិញគាត់តែក្រោយមកក្រឡាក់​សំដីវិញមិនទិញវិញ។

លោកស្រី គឹង មណីការ បានរំលឹកថា ឈ្មោះ ចេង វណ្ណា នេះជាញាតិជិតខាង ហើយគ្រួសារលោកស្រីដោយមានការអាណិតអាសូរ និងរាប់អាននោះ ក៏អនុញ្ញាតឲ្យលក់ឥវ៉ាន់លើដីមុខផ្ទះលោកស្រី និងទុកដាក់ឥវ៉ាន់នោះ នៅក្នុងផ្ទះ ដោយមិនគិតពីកម្រៃឡើយ។

លុះដល់អំឡុងខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ ចេង វណ្ណា ចង់ទិញដីលោកស្រីជាប់ផ្ទះ ហើយបានកក់ដីចំនួន២៨៥០ដុល្លារ ពេលនោះលោកស្រី បានសុំឲ្យធ្វើកិច្ចសន្យា តែស្រ្តីរូបនេះមិនទាន់ធ្វើ ដោយ និយាយ ថា ចាំការកូនសិនទៅ ចាំឲ្យបន្ថែមគ្រប់៥,០០០ដុល្លារ ។

ដោយសាររវល់ការកូនប្រុសផងនោះ លោកស្រី គឹង មណីការ ក៏យល់ព្រម លុះការកូនចប់ហើយ ក៏បានសួរនាំរឿងទិញដី និងកក់លុយបន្ថែម ស្រាប់តែស្រ្តីឈ្មោះ ចេង វណ្ណា ប្រែសំដីមិនទិញវិញ ដោយទាមទារលុយកក់ទាំង២៨៥០ដុល្លារនោះទៅវិញ ។ ព្រោះតែមានចិត្តប្រែប្រួល និងមិនស្មោះត្រង់បែបនេះ លោកស្រី ក៏មិនផ្តល់ឲ្យលុយទៅវិញដែរ ដោយប្រាប់ថា ចាំលក់ដីដាច់សិន។

លោកស្រីបានបន្តទៀតថា ក្រោយមកទៀតស្រ្តីរូបនេះបានយកគ្រឿងអលង្ការមកឲ្យលោកស្រីខ្ចី តែលោកស្រីមិនយកនោះទេ តើហេតុអ្វីលោកស្រី យកខ្សែកនោះទៅលក់ម្តេចកើត បើមិនបានឃើញខ្សែកនោះយ៉ាងមិចផង។

ជាមួយគ្នានេះលោកស្រី គឹង មណីការ ក៏បានលើកឡើង និងការពារកិត្តិយសប្តីរបស់ខ្លួនផងដែរ គឺមិនបានជាប់ពាក់ព័ន្ធនឹងករណីនេះទេ ពោលនៅពេលទៅដោះស្រាយនៅសាលាស្រុក ប្តីរបស់លោកស្រី ក៏មិនលូកដៃលូកជើងនោះឡើយ ដោយទុកលទ្ធភាពឲ្យមន្រ្តីជំនាញគេដោះស្រាយតាមភាពជាក់ស្តែង។

សូមបញ្ជាក់ថា  ស្ត្រីឈ្មោះ ចេង វណ្ណា រស់នៅភូមិលេខ៣ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តកំពង់ចាម បាន ប្តឹងស្ត្រីឈ្មោះ គឹង មណិការ ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ដែលគេស្គាល់ថា ជាប្រពន្ធលោកអភិបាលរងស្រុក អូររាំងឪ ពាក់ព័ន្ធករណីខ្ចីខ្សែក យកទៅពាក់ការកូនហើយមិនសងវិញ។