(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ថវិកាចំនួន ២៩,៣៨០,០០០​រៀល, អង្ករ ៥​តោន, មី​៣០​កេសធំ ជូនកងពលតូចការពារ​កោះឆ្នេរលេខ៣១ ដើម្បីចូលរួមអបអរ​សាទរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ។

អំណោយទាំងនេះត្រូវបានលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យនៃក្រសួងធនធានទឹក និងឧតុនិយម នាំយកទៅឧបត្ថម្ភជូនកងទ័ពចំនួន ១,៤៦៩ នាក់ ដែលម្នាក់ៗ ទទួលបាន ២០,០០០ រៀល។

លោកឧត្តមសេនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់លោក លឹម គានហោ ទៅលើសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃ របស់កងទ័ព​នៅកងពលរបស់លោក៕