(កោះកុង)៖ លោក យឹម ផេង ស្នងការរងនគរបាលខេត្តកោះកុង និងជាប្រធានការិយាល័យកណ្តាល​ប្រឆាំងបទល្មើស​ខេត្តកោះកុង បានឲ្យដឹងនៅ​ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ថា កម្លាំង​នគរ​បាល​របស់លោក នឹងបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ មានស្រីស្រីម្នាក់ រួមនិងវត្ថុតាំងម៉ាទឹកកកចំនួន១០៤កញ្ចប់តូចស្មើ៣២,១g រួមទាំងឧប្បករណ៏ជក់មួយចំនួនផងដែរ ទៅតុលាការដើម្បី​ចាត់ការ​ទៅ​តាមនិតិវិធីច្បាប់។

លោក យឹម ផេង បានបញ្ជាក់ថា ជនសង្ស័យទី១. ឈ្មោះ ​ជិន វយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជា​កម្មករទូក និងជមសង្ស័យទី២. ឈ្មោះ ស៊យ គឹមលី ភេទស្រី​ អាយុ៥៤ឆ្នាំ មានទីលំនៅភូមិត្រាវ ឃំុថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ ​ចំណែកជនសង្ស័យម្នាក់ ដែលរត់គេចខ្លួន​នោះមានឈ្មោះ លី ឡាយ (ហៅង៉ែត) ភេទប្រុស អាយុ២៤ឆ្នាំ។

លោកបានបន្តទៀតថាករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង​១៦៖២០​នាទីថ្ងៃទី៨ ខែមេសា ស្ថិតនៅចំណុច​ភូមិត្រាវឃំុថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង៕