(​ភ្នំពេញ​)៖ ក្រុមហ៊ុន​យូនីលីវើ ខេ​ម​បូឌា និង​សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ បាន​ចូលរួមចំនែក​ផ្សព្វផ្សាយ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ក្រោម​ប្រធានបទ យុទ្ធនាការ «​គ្មាន​អង្គែ ការពារ​ជីវិត​» ក្នុង​គោលដៅ​បង្កើន​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ជំរុញ​ការ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ ជាពិសេស​ក្នុង​អំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ​។​

​ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ រួម​ជាមួយ​សមាជិក​-​សមាជិកា ព្រម​តំណាង​គណៈ​គ្រប់គ្រង ក្រុមហ៊ុន យូនីលីវើ ខេ​ម​បូឌា និង​លោកគ្រូ​-​អ្នកគ្រូ ក៏​ដូច​ជា​សិស្សានុសិស្ស​ប្រមាណ​ជាង​មួយ​ពាន់​នាក់​។​

​លោក​ប៉ា សុជាតិ​វង្ស បាន​ថ្លែងថា សារៈសំខាន់​នៃ​ការ​ពាក់មួក​សុវត្ថិភាព និង​គោរព​ច្បាប់​ចរាចរណ៍ សំដៅ​កាត់បន្ថយ​អត្រា​មរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​ក្នុង​អំឡុងពេល​បុណ្យទាន ដូចជា​បុណ្យចូលឆ្នាំ​ខែ្មរ​ជាដើម ដែល​សំបូរ​មនុស្សម្នា​ធ្វើដំណើរ​ច្រើន​។​

​លោក បន្ថែមថា យុទ្ធនាការ​ថ្ងៃនេះ​នឹង​ចូល​រួមចំណែក​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ ឲ្យបាន​ខ្ជាប់ខ្ជួន​ជាង​មុន ដោយ​ក្នុង​ឆ្នាំ​២០១៦​នេះ ហើយ​សង្ឃឹមថា​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ នឹង​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រា​មរណៈ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៦ ។​

​លោក លី សុធូ តំណាង​ក្រុមហ៊ុន យូ​នី​លើ​វើ ខេ​ម​បូឌា បាន​ថ្លែងថា «​ដើម្បី​ជំរុញ​ឲ្យ​អ្នកធ្វើ​ដំណើរ​តាម​ម៉ូតូ​ទាំងអស់​ពាក់ មួកសុវត្ថិភាព ឲ្យបាន​ត្រឹមត្រូវ​ក្រុមហ៊ុន យូនីលីវើ ដែលមាន​សាប៊ូកក់សក់​កម្ចាត់​អង្គែរ​ឈានមុខ​នៅ​កម្ពុជា​គឺ ក្លៀរ​បាន​សម្រេច​បង្កើត​យុទ្ធ​នា​ការ «​គ្មាន​អង្គែ ការពារ​ជីវិត​» ហើយ​យើងខ្ញុំ​សង្ឃឹម​ថា​យុទ្ធនាការ​នេះ​នឹង​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ការជួយ​ដល់​សង្គម និង​ប្រជាជន​កម្ពុជា​»​។​

​តាម​លោក Fredy Ong អភិបាល​ក្រុមហ៊ុន យូនីលីវើ​ប្រចាំ​កម្ពុជា និង​ឡាវ បានឲ្យដឹងថា ដើម្បី​បន្ត​គាំទ្រ​យុទ្ធនាការ គ្មាន​អង្គែ​ការពារ​ជីវិត​សាប៊ូកក់សក់​ក្លៀរ ត្រៀម​នឹង​បង្កើត​កម្មវិធី​សំអាត​មួកសុវត្ថិភាព ពិនិត្យ​ស្បែកក្បាល និង​ចែក​ជូន ផលិតផល​សាប៊ូកក់សក់​កម្ចាត់​អង្គែ​ក្លៀរ ដល់​ប្រជាជន​កម្ពុជា ប្រមាណ​២៧០​ពាន់​នាក់ នៅ​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង កំពង់ចាម និង​ខេត្ត​សៀមរាប នៅ​ចុងខែ​មេសា​ខាង​មុខ​នេះ​ផងដែរ​៕​