(​ឥណ្ឌា​)៖ យោងតាម​របាយការណ៍​ចុងក្រោយ​បាន​បញ្ជាក់​ឲ្យដឹងថា អ្នក​ស្លាប់​ដោយសារ​ផ្ទុះ​ឆេះ​នៅក្នុង​វិហារ​បុរាណ​មួយ​កន្លែង ឈ្មោះ Paravoor Kollam នៅក្នុង​រដ្ឋ Kerala របស់​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ដល់ ៦០​នាក់ ខណៈ​អ្នករបួស​កើនឡើង​ដល់​ជាង ២០០​នាក់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Indian Express ចេញផ្សាយ Update មុន​នេះ​បន្ដិច​។​

​អាជ្ញាធរ​បាន​បញ្ជាក់​ឲ្យដឹងថា អ្នករបួស​ភាគច្រើន​គឺ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅក្បែរ​កន្លែង​កើតហេតុ ហើយ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាន ៣៖៣០​នាទី​ទាបភ្លឺ ជា​ព្រឹក​ថ្ងៃ​នៃ​ការរៀបចំ​ពិធី​បុណ្យ Vishu ជា​ពិធីបុណ្យ​សាសនា​ហិណ្ឌូ ដែល​តែងតែ​ប្រារព្វ​ធ្វើឡើង​នៅក្នុង​រដ្ឋ Kerala របស់​ប្រទេស​ឥណ្ឌា​។​

​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​បានឲ្យដឹងថា មូលហេតុ​នៃ​ការផ្ទុះ​ឆេះ​នេះ អាច​បណ្ដាល​មក​ពី​ការដុច​កាំ​ជ្រួច ព្រោះ​នៅក្នុង​វិហារ​នោះ​ជា​កន្លែង​រក្សាទុក​កាំជ្រួច​សម្រាប់​ដុច​ក្នុងពេល​រៀបចំ​ពិធី​បុណ្យ​ម្ដងៗ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ចំណែក​ព័ត៌មាន​លម្អិត​អាជ្ញាធរ​កំពុងតែធ្វើការ​ស៊ើបអង្កេត​៕​