(ភ្នំពេញ)៖ ជាមួយការបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៣ថ្ងៃ ដែលប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានទទួលញញួរដើម្បីធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាឆ្នាំ២០២២ផងដែរ។

នេះជាកិច្ចការទទួលធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នៅក្នុងតំបន់លើកទី៣ហើយសម្រាប់កម្ពុជា ក្រោយក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ លើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២។

នៅចំពោះមុខមេដឹកនាំអាស៊ាន ដែលអវត្តមានតំណាងមកពីមីយ៉ាន់ម៉ានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមប្រជាជន និងជារាជរដ្ឋាភិបាលកម្ពុជា សម្តេចមានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ [អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T. Addressing challenges Together)] ដើម្បីភាពសុខដុមរមនា, សន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងមូល»

ជាមួយការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចការងារអាទិភាពចំនួន៣ ដែលកម្ពុជានឹងផ្តោតការយកចិត្តទុកដាក់។ ការងារអាទិភាពទាំងនោះរួមមាន៖

* សសរស្តម្ភនយោបាយ និង សន្តិសុខ៖ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និង ឯកភាពអាស៊ាន, ទាំងក្នុងយន្តការតំបន់ និង ទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ, ដោយឈរលើមាគ៌ា និង គោលការណ៍របស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន, សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានក៏ត្រូវមានភាពធន់ និងរឹងមាំ ទប់ទល់បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងតែ កើនឡើង, បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម, ការប្រែប្រួលអាកាសធាតុ និង ជំងឺរាតត្បាត។ល។ ដើម្បីធានាដំណើរទៅមុខក្នុងសន្តិភាព, សន្តិសុខ និងវិបុលភាព។

* សសរស្តម្ភសេដ្ឋកិច្ច៖ កម្ពុជានឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្ដួចផ្តើម និងវិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្តារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ ក្នុងពេលដែលយើង រស់ជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី និងធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយភាពទាក់ទាញ និងជីវភាព ពិសេសតាមរយៈការជំរុញការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល ការលើកកម្ពស់សមត្ថភាពរបស់សហគ្រាស ខ្នាតមីក្រូតូច និងមធ្យម (MSMEs) និងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន ព្រមទាំង ការងារអាទិភាពផ្សេងទៀត ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មតំបន់។

* សសរស្តម្ភសង្គម-វប្បធម៌៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការ ជាក់ស្ដែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងការរក្សា និង ក សាងសន្តិភាព និង ការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្នផងដែរ។ អាទិភាពសំខាន់មួយទៀត គឺការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ។ ជារួម, កម្ពុជានឹងបន្តកៀរគរការគាំទ្រ និង កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅនៃការកសាង សហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ។ ជាមួយគ្នានេះ, យើងក៏នឹងជំរុញផងដែរ នូវដំណើរការរៀបចំទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ២០២៥។

មុននឹងបិទញ្ចប់សុន្ទរកថានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទន្ទឹងរង់ចាំស្វាគមន៍ថ្នាក់ដឹកនាំទាំងអស់យ៉ាងកក់ក្ដៅនៅកម្ពុជានាឆ្នាំ២០២២៕