(កំពង់ស្ពឺ)៖ នៅក្នុងឱកាសដ៏មហាជ័យមង្គល ថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំព្រះរាជពិធីខួបលើកទី១៧ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ។

ពិធីនេះបានប្រារព្ធធ្វើឡើងដោយមាននការអញ្ជើញចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ដែលរៀបចំធ្វើឡើងបរិវេណមុខសាលាខេត្តកំពង់ស្ពឺ។

ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យ បួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធីបារមី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមី ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ សូមប្រោសប្រទានពរជ័យដល់ព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕