(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកតំណាង នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ បាននាំយកឧបករណ៍សម្ភារចាំបាច់នានាដែលបម្រើដល់កិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលជាតិ ប្រគល់ជូនដល់វរសេនាតូច នគរបាលការពារព្រំដែនគោកទាំង១០ ចំណុះទិសភូមិភាគទី៥។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ខេង សុមេធ ជូនមន្ដ្រីនគរបាលទាំងអស់ផងដែរ ពិសេសក្រើនរំលឹកឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព និងរក្សាអនាម័យ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ក៏បានយកសារក្រើនរំលឹកបន្ថែមរបស់ នាយឧត្តមសេនីយ៍ អគ្គស្នងការ ជម្រាបជូនមន្ដ្រីនគរបាល នៅតាមបន្ទាត់ព្រំដែនទាំងអស់ផងដែរ ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ដែលអង្គភាព ឬថ្នាក់ដឹកនាំប្រគល់ជូន សហការជាមួយកងយោធពលខេរមភូមិន្ទ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ សំដៅការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា និងធ្វើឲ្យខ្សែបន្ទាត់ព្រំដែនក្លាយជាព្រំដែនសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ដោយសារតែបច្ចុប្បន្នកម្ពុជា កំពុងប្រឈមជាមួយជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ បានណែនាំឲ្យមន្ដ្រីនគរបាល ត្រូវចូលរួមសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធគ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕