(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ ពីវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩។ ដើម្បីស្តារឡើងវិញនូវសកម្មភាពទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្តើមរៀបចំ និងធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងនានារវាងអាស៊ាន-ឥណ្ឌា ជាពិសេសការរៀបចំ កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ឱ្យមានលក្ខណៈកាន់តែសាមញ្ញ និងសេរីជាងមុន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ា មិនមានតំណែងចូលរួមនោះឡើយ។

ក្នុងសុន្ទរកថាចំណាប់អារម្មណ៍មុនឈានដល់បញ្ហាទាក់ទងនឹងអាស៊ាន-ឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចពីសារសំខាន់នៃការគោរពឱ្យបាននូវនយោបាយពហុភាគីនិយម។ សម្តេចតេជោ បានលើកឡើងថា ក្នុងបរិការណ៍នៃការកើនឡើងនូវនិន្នាការគាំពារនិយម និងបដិសកលភាវូបនីយកម្ម កម្ពុជានៅតែមានការជឿជាក់យ៉ាងមុតមាំលើយន្តការពហុភាគីនិយម។ ជាពិសេសក្នុងបរិបទនៃការដោះស្រាយវិបត្តិនៃជំងឺ កូវីដ-១៩ និង ការស្តារ និង ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការកសាងទំនុកចិត្តក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របតាមគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្ដួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ឥណ្ឌា គឺជាចំណុចឆ្លើយតបដ៏សំខាន់ផងដែរ។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ បានបង្ហាញនូវការគាំទ្រចំពោះការដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមអាស៊ាន-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ក៏បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលតែងតែគាំទ្រកិច្ចខិតខំប្រឹងរបស់អាស៊ាន ដើម្បីសម្រេចនូវសមាហរណកម្មអាស៊ាន តាមរយៈគំនិតផ្ដួចផ្តើមសមាហរណកម្មអាស៊ាន (IAI) និង សូមលើកទឹកចិត្តឱ្យឥណ្ឌាបន្តគាំទ្រដល់ការអនុវត្ត ផែនការការងារដំណាក់កាលទី៤ ឆ្នាំ២០២១-២០២៥ នៃគំនិតផ្ដួចផ្តើមនេះ ជាពិសេសជុំវិញការអភិវឌ្ឍវិស័យតភ្ជាប់ផ្នែករូបវន្ត និងឌីជីថលូបនីយកម្មក្នុងវិស័យអប់រំ ។

សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-ឥណ្ឌា នឹងកាន់តែមានភាពរឹងមាំ ហើយក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការរៀបចំប្រារព្ធ និងអបអរសាទរឱកាសដ៏វិសេសវិសាលនេះ៕