(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមការងាររៀបចំបាវខ្សាច់ធំ-តូច ដែលបានដាក់រៀបពីភាគ ខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង និងការងារឆ្កឹះយកតួសំណង់ចាស់ (សល់ពីជំនាន់ប៉ុលពត) ត្រូវបានអនុវត្តរួចរាល់។

បើតាមមន្ដ្រីជំនាញ ដែលប្រចាំការនៅទំនប់ស្ទឹងព្រែកត្នោ ពេលនេះក្រុមការងារបាននិងកំពុងបន្តការងារចាក់បំពេញដីតួរផ្លូវទំនប់ឲ្យរឹងមាំសារជា ថ្មីឡើងវិញ ដើម្បីបម្រើឲ្យការចរាចរណ៍របស់ប្រជាពលរដ្ឋនៅភូមិកន្ទុយទឹក ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងក្រុមមន្រ្តីបច្ចេកក្រសួង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តបេសកកម្មអន្តរាគមន៍បិទផ្ចិតចំណុចទំនប់បាក់ នៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅវេលាម៉ោងយប់រំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពហូរមកលើខ្លាំងពេក បានបណ្តាលឲ្យចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលាសង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះក្លាយជារុននាគ។

ប៉ុន្តែភ្លាមៗនោះក្រុមការងារក្រសួងធនធានទឹក អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ច បានរួមគ្នាជួយទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរធំឡើង ទៅដល់ប្រជាពលរដ្ឋដែលរស់នៅចំមុខទឹកហូរបុកនោះ៕