(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តំណាងដោយលោក វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (SSD) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) តំណាងដោយលោក កែវ ពិសិដ្ឋ នាយករងវិទ្យាស្ថាន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិកាក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងនាមតំណាងលោករដ្ឋមន្ត្រី សាយ សំអាល់ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។

ភាគីទាំងពីរបានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបម្រើផលប្រយោជន៍រួម និងរួមចំណែកដល់ការពង្រឹងការការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍគោលនយោបាយ និងការផ្តល់អនុសាសន៍ជាយុទ្ធសាស្រ្តនានាក្នុងវិស័យអភិរក្សធនធានធម្មជាតិ ការពារនិងគ្រប់គ្រងជីវចម្រុះនិងបរិស្ថាន ការទូទាត់សម្រាប់សេវាកម្ម ប្រព័ន្ធអេកូឡូស៊ី ការប្រែប្រួលអាកាសធាតុ ការបញ្ចេញកាបូនទាប និងវិស័យផ្សេងទៀតពាក់ព័ន្ធនឹងបរិស្ថាន។

លោក កែវ ពិសិដ្ឋ បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាផ្លូវការនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់វិទ្យាស្ថាន AVI ព្រោះវាបង្ហាញពីការជឿទុកចិត្ត និងទំនុកចិត្តកាន់តែខ្លាំងឡើងដោយរាជរដ្ឋាភិបាលកម្ពុជាលើ AVI និងបញ្ញាវន្តកម្ពុជាក្នុងការចូលរួម និងផ្តល់ធាតុចូលសម្រាប់ការបង្កើតគោលនយោបាយជាតិ ដែលនឹងកំណត់ផ្លូវអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលអនាគត។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនឹងផ្តោតជាសំខាន់លើការស្រាវជ្រាវគោលនយោបាយរួមគ្នា ការត្រួតពិនិត្យ និងវាយតម្លៃ និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈលើប្រធានបទដ៏ធំទូលាយជាច្រើន រួមទាំងការការពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ ភាពជាអ្នកដឹកនាំប្រកបដោយចីរភាព នវានុវត្តន៍ វដ្តសេដ្ឋកិច្ច ងការអភិវឌ្ឍប្រកបដោយចីរភាព។

នាយករងវិទ្យាស្ថាន AVI រូបនេះបានបន្ថែមទៀតថា AVI នឹងធ្វើការជាមួយក្រសួងបរិស្ថាន ដើម្បីអភិវឌ្ឍសំណើក្នុងការកៀរគរមូលនិធិសម្រាប់គម្រោងទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

លោក ទិន ពន្លក បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានទទួលស្គាល់តួនាទីសំខាន់ៗរបស់ AVI ក្នុងការចូលរួមក្នុងការស្រាវជ្រាវគោលនយោបាយស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដែលជារបៀបវារៈទូលំទូលាយគ្របដណ្តប់លើប្រធានបទជាច្រើន រួមមាន ភាពក្រីក្រ អាហារ តម្លៃសមរម្យ និងថាមពលស្អាត ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ និងជីវិតក្រោមទឹក និងជីវិតនៅលើដី។

លោក ទិត ពន្លក បានបន្ថែមថា វាគឺជានិន្នាការថ្មីសម្រាប់ការអភិវឌ្ឍគោលនយោបាយជាតិ ដែលការចូលរួមពីស្ថាប័នស្រាវជ្រាវ គឺត្រូវការកាន់តែខ្លាំងឡើង។ ជាមួយនឹងចក្ខុវិស័យរបស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣០ និង ២០៥០ កម្ពុជាត្រូវពិចារណាដោយប្រុងប្រយ័ត្ននូវអ្វីដែលអាចធ្វើបានល្អបំផុត។ ជាឧទាហរណ៍ ថាមពល គណនេយ្យធនធានធម្មជាតិ ហិរញ្ញប្បទានប្រកបដោយចីរភាព និងការគ្រប់គ្រងកាកសំណល់ គឺជាប្រធានបទមួយចំនួនដែលអាចពិចារណាសម្រាប់ការស្រាវជ្រាវគោលនយោបាយ ព្រោះវាមានផលប៉ះពាល់រយៈពេលវែងលើការអភិវឌ្ឍជាតិ។ ជាជាងផ្តោតលើលទ្ធផលរយៈពេលខ្លីនៃគម្រោងមួយ កម្ពុជាគួរតែយកចិត្តទុកដាក់លើឥទ្ធិពលរយៈពេលវែង។

បន្ថែមពីនោះ លោក ទិន ពន្លក បានលើកទឹកចិត្តឱ្យលេខាធិការដ្ឋាននៃស្ថាប័នទាំងពីរធ្វើការជិតស្និទ្ធ ដើម្បីប្រែក្លាយអនុស្សារណៈនេះទៅជាការពិត ជំនួសឱ្យការទុកវានៅក្នុងទូ។ លោកបានណែនាំឱ្យលេខាធិការដ្ឋានទាំងពីរពិភាក្សាអំពីផែនការសកម្មភាព និងទិសដៅទៅមុខ៕