(ភ្នំពេញ)៖ គណៈសង្ឃនាយកគណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានប្រកាសតែងតាំងមហាឧបាសិកា និងមហាឧបាសកជាទីប្រឹក្សាគណៈសង្ឃនាយក គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន៤២រូប ដែលមានគោរម្យងារជាផ្សេងៗគ្នា ក្នុងនោះមានទីប្រឹក្សាមួយរូបជាស្ត្រីមានឋាន:ខ្ពស់ផុតលេខ។

ក្នុងកម្មវិធីប្រកាសនេះ មានសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាអធិបតីក្នុងពិធីប្រកាសទីប្រឹក្សាគណៈសង្ឃនាយក នៅក្នុងសាលប្រជុំរបស់នាទីស្វែងយល់ព្រះពុទ្ធសាសនាកម្ពុជា។

គោរម្យងារដែលត្រូវបានប្រកាសតែងតាំងមានឋាន:ខ្ពស់ផុតលេខគឺ៖ មហាឧបាសិកា ញឹក ប៊ុនថា ជាអគ្គមហាឧបាសិកាធម្មបណ្ឌិតពុទ្ធសាសនូបត្ថម្ភក៍ បន្ទាប់មកគឺគោរម្យងារ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ដោយត្រូវបានប្រកាសចំពោះមហាឧសិកា ហ៊ុន ប៊ុនធឿន ហើយនៅសល់ទាំងប៉ុន្មានទៀតជាឧបាសក-ឧបាសិកា មានគោរម្យងារជា មហាឧបាសក -មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ សរុបទាំងអស់មានចំនួន ៤២រូប៕