(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ជុំវិញការច្រានចោល លិខិតក្លែងក្លាយដែលផ្សព្វផ្សាយថា សិស្សប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម កំណត់ឲ្យ «ជាប់ជាស្ថាពរ»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានការផ្សព្វផ្សាយលិខិតក្លែងក្លាយ នៅតាមបណ្តាញទំនាក់ទំនងសង្គមនានា ពាក់ព័ន្ធនឹងការកំណត់ឲ្យជាប់ជាស្ថាពរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ដូចមានក្នុងលិខិតក្លែងក្លាយខាងលើ»

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១៕