(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានវេទិកាស្តីពី កាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងអត្ថប្រយោជន៍ ចំពោះសេដ្ឋកិច្ចជាតិ តាមប្រព័ន្ធអនឡាញ (Online)។

វេទិកានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ព្រមទាំងបង្ហាញអំពីអត្ថប្រយោជន៍ នៃកាតព្វកិច្ច គណនេយ្យ និងសវនកម្មចំពោះសេដ្ឋកិច្ចជាតិ និងដកស្រង់នូវទស្សនៈយល់ឃើញ ចំពោះការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម របស់និយ័តករមួយចំនួន។

លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធ សាស្រ្ត កម្មវិធីកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិជាច្រើន ក្នុងគោលដៅសម្រួលជំរុញ និងលើកកម្ពស់ដល់ការវិនិយោគ និងការធ្វើធុរកិច្ច ដើម្បីធានាកំណើនសេដ្ឋកិច្ច។

លោក ប៊ូ ថារិន បានបន្ដទៀតថា ក្នុងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ សម្រាប់វិស័យគណនេយ្យ និងសវនកម្ម មានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គោលចំនួន៣ ដែលបានដាក់ឲ្យអនុវត្ត ក្នុងនោះរួមមាន៖

១៖ ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ខែមេសា ឆ្នាំ២០១៦
២៖ អនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ ស្តីពីគណនេយ្យនិងសវនកម្ម ខែមិថុនា ឆ្នាំ២០២០ និង
៣៖ ប្រកាសស្តីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យ ដែលត្រូវបានដាក់ឲ្យអនុវត្ត កាលពីថខែកក្កដា ឆ្នាំ២០២០។

លោកបន្ដថា ផ្តើមចេញពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងនេះ កាតព្វកិច្ចជាសារវ័ន្តចំនួន៣ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើង ដែលក្នុងនោះរួមមាន៖

១៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ
២៖ កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាជាធរមាន
និង ៣៖ កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យតាមលក្ខខណ្ឌកំណត់ដោយច្បាប់។

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនត្រូវមានកាតព្វកិច្ច នូវការកាន់បញ្ជី ហើយមានកាតព្វកិច្ច ទទួលរងនូវការធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ គឺសំខាន់ ព្រោះបញ្ជាក់អំពី ក្រុមហ៊ុនពិតជាចំណេញ ឬក៏មិនចំណេញ ដើម្បីអាចជម្រាបជូន ទៅវិនិយោគិនរបស់ខ្លួនបាន។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា រូបនេះ បានសង្កត់ធ្ងន់ថា បើសិនជាក្នុងករណី ក្រុមហ៊ុនមិនកាន់នូវបញ្ជី ឬក៏ធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុនោះ ក្រុមហ៊ុននឹងទទួលទោសទណ្ឌតាមច្បាប់។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០២១នេះតទៅ និយ័តករគណនេយ្យ និងសវនកម្ម នឹងអនុវត្តវិធានការតឹងរឹង និងគត់ហ្មត់ លើការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម របស់សហគ្រាសជាកំហិត ករណីល្មើសសហគ្រាស នឹងទទួលរងទោសទណ្ឌ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕