(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមុខងារសាធារណៈ មានការរៀប ចំពិធី ចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាតាមប្រព័ន្ធអនឡាញ រវាងក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងគ្រប់គ្រងបុគ្គលិក នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យមុខងារសាធារណៈ»

ពិធីចុះហត្ថលេខានេះ ខាងភាគីកម្ពុជាតំ ណាងដោយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក គីម វ៉ូ ហូ (Kim Woo Ho) រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិក ជាតំណាងភាគីសាធារណរដ្ឋកូរ៉េ ហើយ មានការអញ្ជើញចូលរួមជាសក្ខីភាពផ្ទាល់ដោយ លោក ផាក ហ៊ឹងខ្យង់ (PARK Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ។

ថ្លែងមតិសា្វគមន៍ចំពោះកិច្ចព្រមព្រៀង សហប្រតិបត្តិការនេះ លោក គីម វ៉ូ ហូ ក្រសួងគ្រប់គ្រង បុគ្គលិកនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានបង្ហាញ អំពីក្តីសោមនស្សរីករាយចំពោះកម្មវិធីចុះ អនុស្សរណៈ នៃការយោគយល់គ្ន នាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការជាពិសេសនេះ នឹងអាចបណ្តុះបណ្តាលអ្នកជំនាញ ជាច្រើន សម្រាប់វិស័យមុខងារសាធារណៈ។

លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ស្ថាប័នទាំងពីរ ក្នុងការបង្កើតភាពជាដៃគូសហប្រតិបត្តិការកម្រិតទ្វេភាគីយ៉ាងល្អប្រសើរមកដល់បច្ចុប្បន្ន និងនាពេលអនាគត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានគូសបញ្ជាក់ អំពី ចំណុច សំខាន់ៗ ចំនួន០២ គឺ៖

១). តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីនេះ ស្ថាប័នទាំងពីរនឹងអាចសម្រេចបាន នូវការ ពង្រឹង ការ កសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ប្រកបដោយប្រសិទ្ធភាព ឆ្លើយតប តាម ស្ថានភាពជាក់ស្តែងរបស់ប្រទេសទាំងពីរ

២). ដើម្បីធានាជំរុញការអនុវត្តអនុស្សរណៈនេះដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ភាគីទាំងពីរត្រូវរៀប ចំ កសាងនូវផែនការប្រចាំឆ្នាំ និងសកម្មភាពសហប្រតិបត្តិការ ដែលមានលក្ខណៈជាក់ស្តែង និងអាចអនុវត្ត បានក្នុងបរិបទកូវីដ-១៩។

ចុងបញ្ចប់ ទាំងលោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា និងលោករដ្ឋមន្ត្រី ក្រសួងគ្រប់គ្រង បុគ្គលិក កូរ៉េ ខាង ត្បូង សុទ្ធតែបានប្តេជ្ញាចិត្ត អនុវត្ត សហប្រតិបត្តិការនេះ ឱ្យចេញជាសកម្មភាពជាក់ស្តែង សំដៅរួមចំណែកពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរថែមទៀតរវាងរដ្ឋាភិបាល និងប្រជាជន នៃ ប្រទេសទាំងពីរកម្ពុជា និងកូរ៉េ៕