(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងក្រុមមន្រ្តីបច្ចេកក្រសួង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តបេសកកម្មអន្តរាគមន៍បិទផ្ចិតចំណុចទំនប់បាក់នៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងកំឡុងពេលចុះដឹកនាំបញ្ជាផ្ទាល់ទៅទីតាំងខាងលើនេះ លោករដ្ឋមន្រ្តីបានដាក់ផែនការដើម្បីកាត់បន្ថយការលិចលង់រីករាលដាលដោយ ៖

ទី១៖ រៀបចំបាវខ្សាច់ដាក់រៀបពីភាគខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង
និងទី២៖ ឆ្កឹះយកតួសំណង់ចាស់ (សល់ពីជំនាន់ប៉ុលពត) ចោល រួចសំអាតដោយធ្វើការចាក់បំពេញដីតួរផ្លូវទំនប់ឱ្យរឹងមាំសារជា ថ្មីឡើងវិញ។

រហូតមកដល់ម៉ោង១១ថ្ងែទី២៨ ខែតុលានេះ ផែនការតំណាក់កាលទី១អនុវត្តបានសម្រេចហើយ ពោលគឺបន្ថយចរន្តទឹកខ្លាំង មិនមានសកម្មភាពបង្ករការហូរបុកបាក់បន្ថែមទៀតនោះទេ។ ការងារកំពុងដំណើរការល្អទៅតាមផែនការកំណត់ដែលលោករដ្ឋមន្ត្រីបានដាក់ចេញ រហូតដល់ទទួលបានជោគជ័យក្នុងពេលដ៏ខ្លីឆាប់ៗនេះ។

សូមបញ្ជាក់ថា នៅវេលាម៉ោងយប់រំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពហូរមកលើខ្លាំងពេក បានបណ្តាលឱ្យចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលាសង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះក្លាយជារុននាគ ប៉ុន្តែភ្លាមៗនោះក្រុមការងារក្រសួងធនធានទឹក អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ច បានរួមគ្នាជួយទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរធំឡើង ទៅដល់ប្រជាពលរដ្ឋដែលរស់នៅចំមុខទឹកហូរបុកនោះ៕