(បាត់ដំបង)៖ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន សម្រាប់កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នឹងបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៨ ខែតុលានេះ។

រដ្ឋបាលខេត្តសម្រេចអនុញ្ញាតឱ្យបើកដំណើរការ ឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានកម្រិតថ្នាក់ដូចតទៅ៖

*១៖ កម្រិតមត្តេយ្យសិក្សាអនុញ្ញាតឱ្យបើកដំណើរការចំពោះមត្តេយ្យសិក្សាដាច់ដោយឡែក និងមត្តេយ្យសិក្សាសហគមន៍ និងត្រូវបើកដំណើរការថ្នាក់មត្តេយ្យកម្រិតខ្ពស់។
*២៖ កម្រិតបឋមសិក្សាអនុញ្ញាតឱ្យបើកដំណើរការចំពោះកម្រិតថ្នាក់ទី៤,៥ និងទី៦ ចំពោះគ្រប់គ្រឹះស្ថានបឋម
សិក្សាសាធារណៈ និងឯកជន។
*៣៖ កម្រិតមធ្យមសិក្សា អនុញ្ញាតឱ្យបើកដំណើរការថ្នាក់ទី៧,៨ និងទី៩ សម្រាប់អនុវិទ្យាល័យ និងថ្នាក់ទី៧ ដល់ទី១២ សម្រាប់វិទ្យាល័យទាំងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន។ ដោយឡែកចំពោះកម្រិតថ្នាក់ផ្សេងពីរៀបរាប់ខាងលើ ត្រូវរង់ចាំការជូនដំណឹងនៅពេលក្រោយ។

ទន្ទឹមនេះ ចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅ និងឯកជន ដែលទទួលបានការអនុញ្ញាតឱ្យបើកដំណើរការនេះ ត្រូវបន្តអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) និងយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ស្របតាមបរិការណ៍ «ការដាក់ឱ្យដំណើរការវិស័យអប់រំ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូដ១៩»

ខាងក្រោមនេះជា សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង៖