(កណ្ដាល)៖ លោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះថា នគរបាលបានសម្រេចដោះលែងបុគ្គលិក និងអ្នកចម្រៀងត្រឡប់ទៅផ្ទះវិញ គឺគ្រាន់តែអប់រំប៉ុណ្ណោះ ប៉ុន្តែម្ចាស់ទីតាំងនេះត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយល្មើសនឹងវិធានការរដ្ឋបាល។

បើតាមលោក ឡាក់ ម៉េងធី បានបញ្ជាក់ថា ចំពោះម្ចាស់ទីតាំងខាងលើបានរត់គេចខ្លួនបាត់ស្រមោល។

ដំណើររឿងឈានដល់ការចុះបង្ក្រាបនេះត្រូវបានលោករៀបរាប់ថា យោងតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកបានសហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បើកប្រតិបត្តិការចុះបង្ក្រាបភោជនីយដ្ឋានយីហោ អាយស៍ផាប់ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលល្មើសវិធានការរដ្ឋបាល និងឃាត់ខ្លួន មនុស្សប្រុសស្រី បានចំនួន០៦នាក់។

លោកបន្តថា មនុស្សប្រុសស្រីចំនួន០៦នាក់ ដែលបានឃាត់ខ្លួន រួមមាន៖

ទី១៖ ឈ្មោះ ឡុង លិក្ខណា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ អ្នកចម្រៀង មានទីលំនៅ ផ្ទះ២០ ផ្លូវ៧ (បូរីពិភពថ្មី២) ភូមិកំពង់សំណាញ់២ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ទី២៖ ឈ្មោះ ឡុង ចរិយា ភេទស្រី អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀង មានទីលំនៅ ផ្ទះ២០ ផ្លូវ៧ (បូរីពិភពថ្មី២) ភូមិកំពង់សំណាញ់២ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ទី៣៖ ឈ្មោះ ទឹម សុធា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ បុគ្គលិក មានទីលំនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ទី៤៖ ឈ្មោះ ហេង វិសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ទី៥៖ ឈ្មោះ ភឿន ជីវ័ន្ដ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

និងទី៦៖ ឈ្មោះ ឃុត វាសនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

គួរបញ្ជាក់ថា អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថៅកែហាងខាងលើនេះបានលួចរត់រួចតាមច្រកក្រោយដោយបិទភ្លើងនិងផ្លោះរបងហើយម្យ៉ាងទៀតថៅកែហាងរូបនេះបានយកអនីតិជនក្រោម១៨ឆ្នាំមកបម្រើការងារទាំងស្រីទាំងប្រុសទៀតផង៕