(ភ្នំពេញ)៖ មេដឹកនាំអាស៊ាន -អូស្រ្តាលី បានផ្លាស់ប្តូរទស្សនៈគ្នា អំពីសម្ព័ន្ធភាពសន្តិសុខត្រីភាគីអូស្ត្រាលី-ចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក (AUKUS) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ ដែលរៀបចំដោយប្រទេសប្រ៊ុយណេ តាមប្រព័ន្ធអនឡាញ នាថ្ងៃទី២៧ ខែតុុលា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំនេះ មានការចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបណ្តាមេដឹកនាំអាស៊ានដទៃទៀត លើកលែងតែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលអវត្តមាន។ ដោយឡែកភាគីអូស្រ្តាលី មាន លោកខស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលី។

ថ្នាក់ដឹកនាំអាស៊ានបានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយរវាងអាស៊ាន និងអូស្រ្តាលី ដែលពោរពេញដោយអត្ថន័យ សំខាន់និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះមានប្រសិទ្ធភាព។

ក្រសួងការបរទេសបញ្ជាក់ដូច្នេះថា៖ «ថ្នាក់ដឹកនាំបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើការវិវឌ្ឍថ្មីៗនៅក្នុងតំបន់ និងអន្តរជាតិ រួមមាន សម្ព័ន្ធភាពសន្តិសុខត្រីភាគីអូស្ត្រាលី-ចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក (AUKUS) សារៈសំខាន់នៃការថែរក្សាសន្តិភាព និងសន្តិសុខនៅសមុទ្រចិនខាងត្បូង និងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ»។

ភាពជាដៃគូសន្តិសុខថ្មីមួយហៅថា AUKUS ត្រូវបានបង្កេីតឡេីងដោយ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី កាលពីពេលថ្មីៗនេះ ដែលក្នុងនោះ អាមេរិកនិងអង់គ្លេស នឹងជួយអូស្រ្តាលីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ ដូច្នេះហើយ អូស្រ្តាលីក៏បានសម្រេចលុបចោល កិច្ចព្រមព្រៀងដែលខ្លួនបានចុះកាលពីឆ្នាំ២០១៦ ដើម្បីទិញនាវាមុជទឹកធម្មតាចំនួន១២គ្រឿង ពីប្រទេសបារាំង រហូតមានការវាយប្រហារគ្នាតាមរយៈពាក្យសម្តី និងការទូតជាបន្តបន្ទាប់។

នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានអះអាងជាថ្មីដល់មេដឹកនាំអាស៊ាន នូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ចំពោះមជ្ឈភាពអាស៊ាន សន្តិភាព និងសន្តិសុខតំបន់ រួមមានតាមរយៈការគាំទ្រដល់ទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)៕