(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មេដឹកនាំអាស៊ីបូព៌ា ប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ១៩ ធ្វើជារបៀបវារៈនយោបាយនោះឡើយ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ តាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ មានការចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាដៃគូអាស៊ានចំនួន៨ផ្សេងទៀត រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ រុស្ស៉ី និងសហរដ្ឋអាមេរិក។

ក្នុងសុន្ទរកថាជាចំណាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិនៃជំងឺកូវីដ១៩ នៅតែជាក្ដីកង្វល់ដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា។ ដូច្នេះការប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺជារបៀបវារៈចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ ដើម្បីឆ្លើយតបបញ្ហានេះ សម្តេចតេជោ បានលើកឡើងថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ។

ជាមួយនឹងការអភិវឌ្ឍថ្មីៗនៃវ៉ាក់សាំង និងថ្នាំព្យាបាល សម្តេចតេជោ អំពាវនាវឱ្យការចែកចាយវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅប្រកបដោយសមធម៌ ក្នុងតម្លៃសមរម្យ និងទាន់ពេល។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចាប់អារម្មណ៍ទៅលើការស្តារសង្គមសេដ្ឋកិច្ចនៅក្នុងអាស៊ីបូព៌ាផងដែរ។ ដើម្បីពនឿនការស្តារសង្គមសេដ្ឋកិច្ច សម្តេចតេជោ បានលើកឡើងថា ប្រទេសសមាជិកអាស៊ីបូព៌ា ត្រូវបន្តធានាឱ្យបាននូវដំណើរការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង និងពាណិជ្ជកម្មឆ្លងដែន, ពង្រឹងសមត្ថភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម, លើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន, ជំរុញការតភ្ជាប់ និង សម្រួលដល់ ការធ្វើដំណើរឆ្លងដែនឡើងវិញ។

ក្នុងស្មារតីនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអបអរចំពោះការដាក់ចេញនូវសេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញកំណើនសេដ្ឋកិច្ចតាមការលើកកម្ពស់វិស័យទេសចរណ៍ និងសេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីការស្តារឡើងវិញប្រកបដោយចីរភាព និងបៃតង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពាក់ព័ន្ធការរៀបចំសេចក្តីព្រាងផែនការសកម្មភាពថ្មី ឆ្នាំ ២០២៣-២០២៧ផងដែរ។ ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោ បានបង្ហាញការយល់ឃើញថា ប្រទេសសមាជិកអាស៊ីបូព៌ា គួរផ្តោតលើកិច្ចសហការក្នុងវិស័យអាទិភាពចំនួន៤ ស្របតាមនិន្នាការសកល រួមមាន៖

(១)៖ ការពង្រឹងសន្តិសុខផ្នែកសុខភាពសាធារណៈ
(២)៖ ការកសាងសមត្ថភាពសហគ្រាសខ្នាតមីក្រ, តូច និង មធ្យម (MSMEs)
(៣)៖ ការជំរុញ និង ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ចឌីជីថល
(៤)៖ ថាមពលប្រកបដោយចីរភាព។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាប្រាថ្នាចង់ឃើញតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់សន្តិភាព ស្ថិរភាព និង គ្មានអាវុធ នុយក្លេអ៊ែ។ លើមូលដ្ឋាននេះ សម្តេចតេជោ អំពាវនាវសូមឱ្យរាល់គំនិតផ្ដួចផ្តើម រួមទាំងសម្ព័ន្ធភាពយោធា ដែលនឹងត្រូវបានដាក់ចេញដោយប្រទេសអាស៊ីបូព៌ា គោរពមជ្ឈភាពអាស៊ាន, បំពេញបន្ថែមនូវយន្តការ ដែលមានស្រាប់ និងឈលើការគោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីរក្សាស្ថិរភាព, សន្តិសុខ, សន្តិភាព និងវិបុលភាពក្នុងតំបន់៕