(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់ប្រទេសជប៉ុន ឱ្យគាំទ្របន្ថែមទៀតនូវផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤ ព្រមទាំងបន្តជំរុញការតភ្ជាប់ និងបន្ស៉ីរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងការពង្រីកភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

ការជំរុញលើកទឹកចិត្តបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលប្រទេសប្រ៊ុយណេ ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបានអះអាងជាថ្មីពីការគាំទ្រចំពោះសំណើរបស់ជប៉ុន ក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍លើកទី៥០ អាស៊ាន-ជប៉ុន នៅឆ្នាំ២០២៣ នៅប្រទេសជប៉ុន។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានសម្តែងផងដែរពីការកោតសរសើរជប៉ុនសម្រាប់ការគាំទ្រដ៏មានសារៈសំខាន់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ របស់អាស៊ាន រួមមាន៖ ការគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) ក៏ដូចជា មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ១៩។

សម្រាប់ទំនាក់ទំនងទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការថ្លែងអំណរគុណរបស់កម្ពុជា ចំពោះប្រទេសជប៉ុន ដែលបានផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងរថយន្តសង្គ្រោះ ព្រមទាំងការផ្តល់ហិរញ្ញប្បទានដើម្បីគាំទ្រការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ច-សង្គម។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកផងដែរ អំពីដំណើរទស្សនកិច្ចរបស់លោក Fumio Kishida នៅកម្ពុជា កាលពីឆ្នាំ២០១៤ ដែលនៅពេលនោះលោក គឺជារដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីចូលរួមសម្ពោធផ្សារទំនើបជប៉ុនអ៉ីអន (AEON) ដំបូងគេបង្អស់ ដែលបច្ចុប្បន្ននេះកំពុងរៀបចំបើកដំណើរការសាខាទីបីរបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមានសោមន្សរីករាយក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Fumio Kishida មកកម្ពុជា ជាថ្មីម្តងទៀតនៅឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនានា ក្នុងអំឡុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

ខណៈពេលអាស៊ាន និងប្រទេសជប៉ុន កំពុងឈានដល់ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការថ្នាក់ដឹកនាំបានស្វាគមន៍បំណងរបស់ជប៉ុនក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស នៅប្រទេសជប៉ុន នៅឆ្នាំ២០២៣ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

ថ្នាក់ដឹកនាំអាស៊ាន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមឆ្លើយតបនឹងជំងឺកូវីដ១៩ របស់អាស៊ាន ជាពិសេស វិភាគទានចំនួន ១លានដុល្លារ ដល់មូលនិធិអាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និង៥០លានដុល្លារផ្សេងទៀត ដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED)។

អាស៊ាន បានបញ្ជាក់ជាថ្មីនូវការកើតសរសើរចំពោះជប៉ុន ដែលបានគាំទ្រទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងបានលើកទឹកចិត្តជប៉ុន ឱ្យមានគម្រោងថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ ដែលអាចអនុវត្តបាននៅក្នុងវិស័យអាទិភាពទាំង៤ ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ក៏ដូចជាមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។

ថ្នាក់ដឹកនាំបានយល់ស្របគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុថាមពលស្អាតការធានារ៉ាប់រងសុខភាពជាសកល (UHC) ឧក្រិដ្ឋកម្មឆ្លងដែនការប្រឆាំងភេរវកម្ម សន្តិសុខតាមអ៊ីនធឺណិត ពាណិជ្ជកម្មនិងការវិនិយោគ ការតភ្ជាប់ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។ កិច្ចប្រជុំបានស្វាគមន៍ចំពោះការផ្តល់សច្ចាប័នរបស់ជប៉ុន លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីខែមិថុនាឆ្នាំនេះ៕