(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន និងជប៉ុន នៅក្នុង រយៈពេល ៤៨ឆ្នាំកន្លងមក។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចែករំលែកនូវទស្សនាទានចំនួន៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទិសដៅទៅអនាគតរវាងអាស៊ាន-ជប៉ុន។ ទស្សនទានទាំង៣នោះរួមមាន៖

ទី១៖ ការគាំទ្រយ៉ាងមុតមាំរបស់ជប៉ុន ទៅលើកិច្ចខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាសក្ខីភាពនៃភាពរឹងមាំ និងភាពធន់នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុន ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។ សម្តេចតេជោ បានអរគុណជប៉ុន ចំពោះការចូលរួមចំណែកជាថវិកាចំនួន ៥០ លានដុល្លារអាម៉េរិក សម្រាប់បង្កើត «មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជំងឺកើតថ្មី»។ សម្តេចតេជោ លើកទឹកចិត្តដល់ជប៉ុនក្នុងការបន្តគាំទ្រ ដល់គំនិតផ្ដួចផ្តើមសំខាន់ៗដទៃទៀត ដែលមានដូចជា ស្តុកបម្រុងបរិក្ខារពេទ្យសម្រាប់គ្រោះអាសន្នសុខភាព សាធារណៈក្នុងតំបន់អាស៊ាន និងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីកសាងភាពធន់ សង្គម-សេដ្ឋកិច្ចក្នុងតំបន់ ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ជប៉ុន ដែលបានផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងបង្ការជំងឺកូដ-១៩, សម្ភារបរិក្ខារពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ ព្រមទាំងហិរញ្ញប្បទានគាំទ្រដល់ការស្តារ និង ជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ។

ទី២៖ សមាហរណកម្មនៅក្នុងតំបន់ គឺជាសមាសភាពដែលមិនអាចខ្វះបាន នៅក្នុងការងើបឡើងវិញ របស់តំបន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ សម្តេចតេជោ បានលើកទឹកចិត្តដល់ជប៉ុនបន្តជំរុញការផ្សារភ្ជាប់ និងការបន្ស៉ីគ្នា រវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និង ភាពជាដៃគូទូលំទូលាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។

សម្តេចតេជោ ក៏បានស្នើឱ្យជប៉ុនបន្តគាំទ្រដល់ការអនុវត្តផែនការសកម្ម-ភាពដទៃទៀត។ ជាពិសេសផែនការសកម្មភាពនៃគំនិតផ្ដួចផ្តើមសមាហរណកម្មអាស៊ានទី ៤ឆ្នាំ ២០២១-២០២៥ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និង របៀបវារៈអង្គការសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ទី៣៖ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជំរុញការកសាង និងការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ាន សំដៅឆ្ពោះទៅរកគោលដៅរួម គឺការរីកចម្រើនប្រកបដោយចីរភាព, បរិយាប័ន្ន និងសមធម៌ នាយុគសម័យថ្មីនេះ។

ក្នុងកិច្ចប្រជុំនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កម្ពុជានឹងបន្តថែរក្សា និងបង្កើនចំណងមិត្តភាពនៃទំនាក់ទំនងអាស៊ាន-ជប៉ុនដ៏រឹងមាំនេះ ឱ្យកាន់តែជិតស្និទ្ធ និងគង់វង្ស យូរអង្វែង។

ជប៉ុនជាដៃគូសន្ទនាដ៏ចំណាស់មួយរបស់អាស៊ាន ដែលមកដល់ឆ្នាំនេះ មានរយៈពេល៤៨ឆ្នាំហើយ។ នៅក្នុងកិច្ចប្រជុំកំពូលនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលអាស៊ានដទៃទៀត បានឯកភាពតាមសំណើរបស់ភាគីជប៉ុន រៀបចំកិច្ចប្រជុំកំពូលពិសេសដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន នៅឆ្នាំ២០២៣ ក្នុងប្រទេសជប៉ុន៕