(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។ សម្តេចតេជោ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងបែបនេះ នៅចំពោះមុខលោក ម៉ូន ចេ អ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ក្រៅតែពីឆ្លៀតបង្ហាញចំណាប់អារម្មណ៍ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងសាធារណរដ្ឋកូរ៉េហើយនោះ ក្នុងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ សម្តេចតេជោ បានលើកឡើងថា ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ព្រមជាមួយនឹងនិន្នានាការសកលថ្មីៗ បាននិងកំពុងជំរុញឱ្យមានគម្លាតសង្គម និង ជាតិសាសន៍ក៏ដោយ តែអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅតែអាចរក្សាបាននូវចំណងមិត្តភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា។

ក្នុងបទអន្តរាគមន៍នេះ សម្តេចតេជោ បានប្រកាសគាំទ្រយុទ្ធសាស្ត្រ គោលនយោបាយភាគខាងត្បូងថ្មីបូក ដែលផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៧ ស្របតាមយុទ្ធសាស្ត្រ និង គំនិតផ្ដួចផ្តើមសំខាន់ៗរបស់អាស៊ាន។ សម្តេចតេជោ ក៏បានស្វាគមន៍ការអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ក៏បានប្រកាសស្វាគមន៍គំនិតផ្ដួចផ្តើមរបស់លោកប្រធានាធិបតី មូន ចេ អ៉ីន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខភាពសាធារណៈ។ ជាពិសេសការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត យន្តការ កិច្ចសន្ទនាវិស័យសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវអំណរគុណជូនចំពោះប្រជាជន និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ចំពោះជំនួយនានា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ពាក់ព័ន្ធការវិនិយោគរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េវិញ, សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាបានអនុម័តនូវពិធីសារទី៣ នៃការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-កូរ៉េ (AKFTA) រួចហើយ និងលើកទឹកចិត្តឱ្យសមាជិកអាស៊ានផ្សេងទៀត ពន្លឿននីតិវិធីផ្ទៃក្នុង ដើម្បីជំរុញការអនុវត្តពិធីសារនេះឱ្យបានឆាប់រហ័ស។ សម្រាប់សម្តេចតេជោ ការសម្រួលនូវនីតិវិធីលើការធ្វើពាណិជ្ជកម្មនេះ នឹងជួយជំរុញលំហូរពាណិជ្ជកម្ម-ការវិនិយោគរវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ ក៏ដូចជាការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយបរិយាប័ន្ន។

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ឧស្សាហ- កម្មអាស៊ាន-សាធារណរដ្ឋកូរ៉េ, មជ្ឈមណ្ឌលស្រាវជ្រាវរួមស្តីពីស្ដង់ដារូបនីយកម្មអាស៊ាន-សាធារណរដ្ឋកូរ៉េ, ភាព ជាដៃគូធុរកិច្ចថ្មី (Start-ups) អាស៊ាន-សាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌលសហប្រតិបត្តិការវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ។

សម្តេចតេជោ បានលើកឡើងទៀតដែរថា ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យាឌីជីថល និង នវានុវត្តន៍ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់ អាស៊ានទាំងមូល។

ចុងក្រោយនេះបទអន្តរាគមន៍នេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលសកម្មភាពមីនអាស៊ាន (ARMAC) តាមរយៈកម្មវិធីរយៈពេល ៣ឆ្នាំ ស្ដីពី «ការបង្កើនកម្មវិធីគាំទ្រជនរង គ្រោះក្នុងប្រទេសសមាជិកអាស៊ាន»។

សម្តេចតេជោ បានស្នើឱ្យអាស៊ាន-សាធារណរដ្ឋកូរ៉េ បន្តជំរុញការអនុវត្តផែនការសកម្មភាពថ្មី ឆ្នាំ ២០២១-២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង លើកទឹកចិត្តឱ្យសាធារណរដ្ឋកូរ៉េបន្តគាំទ្រផែនការការងារទី៤ នៃគំនិតផ្ដួចផ្តើមសមាហរណកម្មអាស៊ាន៕