(ភ្នំពេញ)៖ លោក ហេង សួរ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងស្នូលដ៏រឹងមាំ ដែលធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ការចូលរួមយ៉ាងសកម្មរបស់យុវជនពិតជាធនធានដ៏មានតម្លៃ និងមិនចេះរីងស្ងួតឡើយ ដែលបច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជនជាកម្លាំងជួរមុខរបស់ប្រទេស។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាតំណាងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្នុងឱកាសដែល លោក និងលោក ទុយ រី អគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ព្រមទាំងអតីតនិស្សិតអាហារូបករណ៍ ជារៀមច្បងដែលធ្លាប់បានទៅសិក្សានៅប្រទេសជប៉ុននាពេលកន្លងមក បានអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជាមួយនិស្សិតទទួលជ័យលាភីអាហារូបករណ៍ JDS ដែលជាមន្ត្រីរាជការចំនួន២៦រូប ដែលគ្រោងនឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២១ នៅថ្ងៃស្អែកនេះតែម្តង។

នាឱកាសនោះ លោក ហេង សួរ ក៏បានពាំនាំនូវការកោតសរសើរ លើកទឹកចិត្ត អបអរសាទរ និងជូនពរទៅដល់និស្សិតអាហារូបករណ៍ជ័យលាភីទាំង២៦រូប ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ឲ្យទទួលបានជោគជ័យនៅក្នុងការសិក្សារបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដើម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យមានភាពរឹងមាំជានិរន្តរ ។

លោករដ្ឋលេខាធិការ បានរំលឹកថា ដូចដែលយើងគ្រប់គ្នាបានដឹងហើយ ស្ថិតក្នុងដំណាក់កាលអន្តរកាលនេះ បញ្ហាសុខភាពគឺជារឿងចម្បង ដែលត្រូវយកចិត្តទុកដាក់គិតគូរ អត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅ និងរៀនសូត្រ មិនថាស្ថិតនៅក្នុងបរិបទណានោះទេ ជាពិសេសជំងឺកូវីដ-១៩ បានកំពុងវាយឡុកយ៉ាងសកម្មមកលើសុខភាព និងអាយុជីវិតរបស់មនុស្សជាតិលើពិភពលោក កត្តានេះហើយ ដែលតម្រូវឲ្យនិស្សិតយើង ដែលបានចេញទៅបន្តការសិក្សានេះ គួរគប្បីអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ និងការការពារខ្លួនពីជំងឺនេះកុំឲ្យវាមកបៀតបៀនមកលើខ្លួនយើងបានឲ្យសោះ។

លោក ហេង សួរ បន្តថា ក្រៅពីសិក្សាជំនាញ ប្អូនៗក៏ត្រូវសិក្សាពីបទពិសោធន៍ឱកាសរស់នៅរវាងសង្គម និងសង្គម ព្រោះថានៅជប៉ុនមានការគោរពគ្នា យ៉ាងល្អ ជាពិសេសរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ប្រជាជននៅប្រទេសនេះពិតជាមានវិន័យល្អណាស់ ពួកគេប្រកាន់ខ្ជាប់ទាំងក្របខណ្ឌសង្គម ការងារ ឬបរិយាកាសខាងក្រៅ ដែលយើងគួរតែរៀនសូត្រតាម។

លោកថ្លែងថា ប្អូនៗទាំងអស់គ្នា ត្រូវតែត្រៀមខ្លួនសម្រាប់ការងាររស់នៅក្នុងប្រទេសមួយនេះ ក្រៅពីសិក្សារៀនសូត្រអ្នកទាំងអស់គ្នា ក៏ជាទូតសុឆន្ទៈរបស់កម្ពុជាផងដែរ ដែលត្រូវតែបង្ហាញពីសកម្មភាពល្អៗ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀត ដែលប្អូនៗបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសនោះ។ ម៉្យាងទៀតត្រូវតែសិក្សាពីបរិយាកាសសេដ្ឋកិច្ច សង្គម នយោបាយរបស់ប្រទេសជប៉ុន ក្នុងនាមជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជាផងដែរ។

ផ្អែកលើបទពិសោធន៍ដែលកម្ពុជាយើងបានឆ្លងកាត់ការកសាងប្រទេសក្នុងរយៈពេលកន្លងមកនេះ សុខសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំធានាបាន ធ្វើឲ្យមានភាពរឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច សង្គម ធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជាកាន់តែមានការរីកច្រើនជាលំដាប់ រួមទាំងការកសាងធនធានមនុស្សដែលប្រទេសជាមិត្តបានផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាជាបន្តបន្ទាប់ ។

គួរបញ្ជាក់ជូនដែរថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Huma Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព ដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។

គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតចំនួន ៤៤២ នាក់ ទៅសិក្សានៅប្រទេសជប៉ុន។ ក្នុងឆ្នាំ២០២១នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦នាក់ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២នាក់ ទទួលបានថ្នាក់បណ្ឌិត និង ២៤នាក់ ទទួលបានថ្នាក់អនុបណ្ឌិត ដែលការសិក្សានឹងចាប់ផ្តើមក្នុងចុងឆ្នាំ២០២១នេះ ហើយការចេញដំណើរ ស្ថិតក្រោមការសម្របសម្រួលរបស់ភាគីជប៉ុន៕