(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យឡសម្ងួត ឃ្លាំងស្តុកស្រូវ និងរោងម៉ាស៊ីនកិនស្រូវចំនួន២កន្លែង គឺរោងម៉ាស៊ីនកិនស្រូវ១៦៨៨ នៅឃុំទ្រា ស្រុកស្ទោង ដែលមានសមត្ថភាពសម្ងួតស្រូវសើមបានចាប់ពី ៣០០តោន ទៅ៨០០តោន ក្នុងមួយថ្ងៃ បំពាក់ឧបករណ៍ និងម៉ាស៊ីនបែបទំនើបទាន់សម័យ

ចំណែកឯរោងម៉ាស៊ីនកិនស្រូវ លឹម ហេងលាភ ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានសមភាពសម្ងួតស្រូវសើមបានចាប់ពី ៣០០តោន ទៅ៥០០តោន ក្នុងមួយថ្ងៃបំពាក់ដោយឧបករណ៍ និងម៉ាស៊ីនបែបទំនើបទាន់ សម័យដូចគ្នា ដែលគាំទ្រដោយកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ (Rice-SDP) ក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ក្នុងដំណើរការចុះត្រួតពិនិត្យកាលពីម្សិលមិញ លោក ងួន រតនៈ បានលើកឡើងថា គោលបំណងសំខាន់របស់គម្រោង Rice-SDP ធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខស្បៀង និងការនាំចេញអង្ករក្នុងបរិបទ នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនសមត្ថភាពផលិតធានាឱ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្របតាមស្តង់ដារ តម្រូវការរបស់ទីផ្សារអន្តរជាតិដែលបានកំណត់។

អភិបាលខេត្ត បានបន្តថា គម្រោង Rice-SDP ក៏មានការជួយសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករការស្តារប្រព័ន្ធធារាសាស្ត្រ ផ្តល់បច្ចេកទេសពូជ និងបន្សាំដំណាំស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសងាយស្រួល ក្នុងការផលិត និងរក្សាទុកកសិផលឱ្យមានគុណភាពល្អសម្រាប់នាំចេញ មានទីផ្សារលក់ត្រឹមត្រូវ ទទួលបានប្រាក់ចំណូលច្រើនកាត់បន្ថយភាពក្រីក្របានមួយកម្រិតធំ ជាពិសេសរួមចំណែករក្សាស្ថេរភាពតម្លៃស្រូវដល់ប្រជាកសិករ និងជំរុញការនាំចេញអង្ករស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ហើយគម្រោង Rice-SDP អនុវត្តលើខេត្តគោលដៅចំនួន៣ខេត្តរួមមាន៖ ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង ក្នុងនោះខេត្តកំពង់ធំ អនុវត្តលើក្រុងស្រុកគោលដៅចំនួន ៦ក្រុងស្រុក រួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកបារាយណ៍ និងស្រុកតាំងគោក៕