(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ កំពុងដឹកនាំមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមនិងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២១នេះ មានប្រទេសព្រុយណេ ជាម្ចាស់ផ្ទះ តែដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យមេដឹកនាំប្រទេសពាក់ព័ន្ធកិច្ចប្រជុំទាំងអស់ មិនអាចចូលរួមដោយផ្ទាល់នោះឡើយ ហើយត្រូវជំនួសតាមប្រព័ន្ធវីដេអូវិញ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមសម្តេចតេជោ ចូលរួមកិច្ចប្រជុំទាំងនេះ រួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

យោងតាមក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖
- ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩
- កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤
- កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩
- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤
- កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១
- កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤
- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦
- កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង
- កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា។ នៅថ្ងៃចុងក្រោយសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនមកកម្ពុជា៕