(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើដំណើរថ្មើរជើងផង ជិះម៉តូផង ពេញមួយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីចុះត្រួតពិនិត្យ និងបញ្ជាផ្ទាល់ដល់អាជ្ញាធរ និងមន្ទីរជំនាញដោយប្រើប្រាស់អស់ គ្រប់មធ្យោបាយធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាន នូវការបាក់ទំនប់សណ្តស្ទឹងព្រែកត្នោត។

នៅល្ងាចថ្ងៃដដែលនេះ លោកអភិបាលរាជធានីភ្នំពេញ បានជិះម៉ូតូដោយខ្លួនឯង ចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្តាយសណ្តស្ទឹង និងបានបញ្ជាកងកម្លាំង និងមន្ត្រីជំនាញទប់ស្កាត់ការហូរច្រោះរុននាគ នៅលើទំនប់ស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលអាចបង្កឱ្យមានហានិភ័យ ដល់ការបាក់ទំនប់ការពារទឹកជំនន់នេះបាន បើមិនមានវិធានការទាន់ពេល។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញបានឱ្យដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត គិតមកនៅត្រឹមល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ មិនមានអ្វីប្រែងប្រួលឱ្យធ្ងន់ធ្ងរនូវឡើយទេ ដោយសារតែក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកអភិបាលរាជធានីភ្នំពេញ ការងារទប់ស្កាត់គ្រោះមហន្តរាយនេះ យើងបានប្រើប្រាស់កម្លាំងសរុបអនុវត្តការងារភ្លាមៗ ទាំងការទប់ទំនប់ឲ្យបានខ្ពស់ វិធានការទប់ស្កាត់ទឹកហូរច្រោះតាមរុននាគ ជាមួយនឹងការត្រៀមលក្ខណៈទុកជាមុនក្នុងរយៈពេលវែង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង នៅតែដាក់បញ្ជាក់យ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវតែនៅជាប់ជាមួយប្រជាពលរដ្ឋ ពេលមានហានិភ័យអ្វីកើតឡើង យើងអាចដោះស្រាយឆ្លើយតប ជួយសង្គ្រោះយបានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយយើងមិនបានដឹង និងមិនបានដោះស្រាយ នោះឡើយ៕