(ស្វាយរៀង)៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ បានស្លាប់ និងមនុស្សម្នាក់ បានរងរបួសធ្ងន់ នៅក្រុងបាវិត និងស្រុកស្វាយទាប ខេត្តស្វាយរៀង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

បើតាមសមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា នៅវេលាម៉ោង១៧៖៣៥នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបើកបរស្របទិសគ្នា លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៣៩/១៤០ ស្ថិតក្នុងនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក BEAT ពណ៌ក្រហម ទិសដៅពីលិចទៅកើត គ្មានស្លាកលេខ បើកបរដោយឈ្មោះ គង់ សាវិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាព) ម៉ូតូខូចខាតស្រាល។

សមត្ថកិច្ចដដែល បានបន្តថា ម៉ូតូមួយគ្រឿងម៉ាក Nex II ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1N-8672 ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បើកបរដោយឈ្មោះ ម៉ៅ កុសល់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ រួមដំណើរឈ្មោះ សេក វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ម៉ូតូខូចខាតស្រាល មកដល់កន្លែងកើតហេតុខាងលើម៉ូតូទាំងពីរបានប៉ះគ្នា។

ករណីនេះដែរសពទាំង២ បានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសបានបញ្នូនទៅមន្ទីរពេទ្យ បង្អែកស្រុកស្វាយទាប ចំណែកមធ្យោបាយទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។

មូលហេតុ ម៉ូតូទាំងពីរគ្រឿងវ៉ាជែងគ្នាក្នុងស្ថានភាភាពភាពគ្រោះថ្នាក់។

ករណីទី២៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តធុនធំ បុកជាមួយម៉ូតូពេញទំហឹង ខ្ចាតដួលទៅម្ខាង រីឯមនុស្សពីរនាក់ផ្លោងចូលរថយន្តមួយផ្សេងទៀតធ្វើឱ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យក៏ស្លាប់តែម្តង។

ករណីគ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ត្រង់ចំណុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង៕