(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃអាទិត្យទី២៤ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ និងម៉ាស់ ដើម្បីជួយសម្រួលដល់ជីវភាពដល់ប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលរស់នៅក្នុងសហគមន៍ស្ទឹងកំបុត ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។

ក្នុងដំណើរជួបសំណេះសំណាល និងសួរសុខទុក្ខនេះ, ប្រជាពលរដ្ឋប្រមាណជាង២០០គ្រួសារ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរចំពោះ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីក្រោមឱវាទទាំងអស់ បន្ទាប់ពីពួកគាត់ទទួលបានអង្ករ១០គីឡូក្រាម, មី១០កញ្ចប់, ត្រីខ២កំប៉ុង, ទឹកស៊ីអ៉ីវ២ដប, និងម៉ាស់១ដុំតូច ស្មើៗគ្នា។

បន្ថែមពីនេះ លោក ឯក ឃុនដឿន នៅក្នុងដំណើរចុះជួបសំណេះសំណាល និងសួរសុខទុក្ខនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ សូមអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងសូមបន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការចម្លងវីរូសកូវីដ-១៩ ដែលស្ថិតក្រោមការដឹកនាំ និងផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕