(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានឯកភាពគ្នាពន្លឿនការងារព្រំដែនគោក ១៦% ទៀត ដែលនៅសេសសល់ មិនទាន់បោះបង្គោលរួច។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលបណ្តាញ Fresh News ទទួលបាន។

ការឯកភាពគ្នារវាងភាគីទាំងសងខាង បានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ ភាគីកម្ពុជាដឹកនាំដោយ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងភាគីវៀតណាម ដឹកកនាំដោយ លោក ង្វៀន គួកហ្ស៊ុង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការព្រំដែន ភាគីទាំងពីរបានស្វាគមន៍ពិធីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័ន លើឯកសារច្បាប់សំខាន់ចំនួនពីរ ដើម្បីកត់ត្រាការសម្រេចបាន ៨៤% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរជាផ្លូវការ។ ភាគីទាំងពីរបានឯកភាព ធ្វើការពន្លឿនកិច្ចពិភាក្សា ក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកចំនួន១៦% ដែលនៅសល់មិនទាន់បានខណ្ឌសីមា»

រាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោករវាងព្រំដែនប្រទេសទាំងពីររួចរាល់ហើយ។ ការផ្លាស់ប្តូរលិខិតូបករណ៍នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាសហប្រធានជាមួយ ឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ តាមប្រព័ន្ធវីដេអូ។

ការផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម២០១៩ និងពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោក គឺជាចំណងគតិយុត្តរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលត្រូវគោរព និងអនុវត្តក្រោមក្របខណ្ឌនៃនីតិអន្តរជាតិ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានគាំទ្រដោយព្រឹទ្ធសភា រដ្ឋសភា និងគណៈរដ្ឋមន្រ្តីផងដែរ។ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះហត្ថលេខា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម រយៈពេល២ថ្ងៃ។

ខេត្តកម្ពុជាចំនួន៣ ត្រូវបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែន ក្នុងចំណោមខេត្តទាំង៩ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ ខេត្តទាំង៣ ដែលបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងនេះ មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ខណៈដែលខេត្តចំនួន ៦ទៀត ដែលនៅសេសសល់ គឺប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ។ កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន ៨៤ភាគរយហើយ៕