(កំពង់ស្ពឺ)៖ ក្រោយភ្លៀងមួយមេធំនៅគ្រប់ស្រុក-ក្រុងក្នុងខេត្តកំពង់ស្ពឺ បានធ្វើឱ្យទំនប់ជណ្តើរកាច់ជោរជន់ទៅដោយទឹកច្រើនអនេក ដែលហួសពីសមត្ថភាពតម្កល់ទឹកទុក ដូច្នេះហើយទើបអាជ្ញាធរត្រូវបង្ខំចិត្តបើករំដោះទឹកចេញខ្លះ ខណៈនៅផ្នែកខាងក្រោមនៃទំនប់នេះ ក៏មានប្រជាពលរដ្ឋរស់នៅដែរ ប៉ុន្តែមន្ត្រីជំនាញបានបញ្ជាក់ថា ការបើកទឹកចេញខ្លះនេះ មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។

គួរបញ្ជាក់ថា ទំនប់ជណ្ដើរកាច់នេះមានប្រវែង ២,៦០០ម៉ែត្រ មានទីតាំងស្ថិតនៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ទោះយ៉ាងណា លោក វ៉ី សំណាង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាព និងដោះស្រាយភ្លាមៗនូវរាល់ផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនេះ ពិសេសគឺបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែម។

ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក វ៉ី សំណាង បានឱ្យដឹងថា ពេញមួយយប់ភ្លៀងបានធ្លាក់រាយប៉ាយនៅគ្រប់ស្រុក-ក្រុងក្នុងខេត្តកំពង់ស្ពឺ ហើយបានធ្វើឱ្យភូមិ-ឃុំមួយចំនួនបានរងការជន់លិច ផ្ទះសម្បែង ហេដ្ឋារចនាសម្ពន្ធ និងផលដំណាំកសិកម្មផ្សេងៗត្រូវប្រឈមនឹងជំនន់នេះ។

លោកបានបញ្ជាក់ថា ក្រោមការជួយអន្តរាគមន៍ពីក្រុមអាជ្ញាធរស្រុក-ក្រុង និងមន្ទីរពាក់ព័ន្ធ បានធ្វើឱ្យស្ថានការណ៍បានធូរស្រាលឡើងវិញ ទឹកបានហូរចេញអស់ត្រឹមតែរយៈពេលខ្លី ប៉ុន្តែនៅតំបន់ងាយប្រឈមមួយចំនួនត្រូវប្រើរយៈពេលយូរបន្តិច។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ទំនប់ជណ្តើរកាច់ ជាទំនប់ចាស់សល់ពីជំនាន់ប៉ុលពត មិនដែលមានទឹកនោះទេ ឬមានតិចតួចប៉ុណ្ណោះ ទើបតែឆ្នាំនេះទេ មានទឹកយ៉ាងច្រើនលើសពីសមត្ថភាពដែលអាចតម្កល់ទឹកទុក ទើបអាជ្ញាធរត្រូវបង្ខំចិត្តបើករំដោះទឹកចេញខ្លះ ព្រោះបើមិនបើកទ្វារទឹកនឹងអាចធ្វើឲ្យទំនប់បាក់បាន។

លោកអភិបាលខេត្ត វ៉ី សំណាង មានតែអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមទឹកទំនប់នេះ មេត្តាយោគយល់ដោយក្តីអនុគ្រោះបំផុត ខណៈលោកបានអះអាងថា ស្ថានភាពនឹងវិលទៅរកសភាពដើមក្នុងរយៈពេលខ្លី។

ជុំវិញស្ថានភាពជំនន់ទឹកភ្លៀងមួយប្រាវនេះ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់តាមទូរស័ព្ទថា ជំនន់ទឹកភ្លៀងនេះនៅពុំទាន់ស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅឡើយទេ ព្រោះការលិចលង់កើតមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ មិនមានបញ្ហាចោទក្រោយមានការអន្តរាគមន៍ តែប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នានៅប៉ុន្មានថ្ងៃខាងមុខទៀត នោះបញ្ហាប្រឈមនឹងអាចកើតមានឡើងលើហេដ្ឋារចនាសម្ពន្ធ លំនៅដ្ឋាន ដំណាំកសិកម្ម និងដំណាំរួមផ្សំ៕