(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជាសង្ឃឹមថាមេរៀនទាំងឡាយដែលទទួលបាននៅកម្ពុជា ក្នុងការសម្រេចនូវសន្តិភាព និងការផ្សះផ្សារជាតិនោះ អាចនឹងជួយរួមវិភាគទានដល់ដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ជាសមាជិកអាស៊ាន ដែលកំពុងតែជួបប្រទះវិបត្តិនយោបាយផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានរដ្ឋប្រហារយោធា។

ថ្លែងទៅកាន់តំណាងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងការិយាល័យអង្គការសហប្រជាជាតិ ដែលចូលរួមប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញអំពីតួនាទីរបស់កម្ពុជា ដែលនឹងធ្វើជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣ នៅឆ្នាំ២០២២ ខាងមុខខនេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា តំបន់អាស៊ានផ្ទាល់ក៏ជួបប្រទះបញ្ហាស្មុគស្មាញចាក់ស្រែះ មានការត្រឡប់មកវិញនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយសារការបាញ់សាកល្បងកាំជ្រួច ទោះបីកូរ៉េទាំងពីរ បានភ្ជាប់ខ្សែទំនាក់ទំនងផ្លូវការជាមួយគ្នាឡើងវិញក៏ដោយ សមយុទ្ធ និងការបង្ហាញសាច់ដុំនៅសមុទ្រចិនខាងត្បូង កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើស្ថិរភាពតំបន់នេះ ក៏ដូចជាលើការចរចា ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)។

«ឯវិបត្តិនយោបាយ-សន្តិសុខនៅមីយ៉ាន់ម៉ា កំពុងបង្កើតស្ថានភាពដ៏លំបាកមិនធ្លាប់មាននៅផ្ទៃក្នុងអាស៊ានខ្លួនឯងផង និងក្នុងទំនាក់ទំនង ជាមួយដៃគូសន្ទនារបស់ខ្លួនផង។ ក្នុងពេលដែលយើងរំលឹកខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងសង្ឃឹមថាមេរៀនទាំងឡាយដែលទទួលបាននៅកម្ពុជា ក្នុងការសម្រេចនូវសន្តិភាព និងការផ្សះផ្សារជាតិនោះ អាចនឹងជួយរួមវិភាគទានដល់ដំណោះស្រាយវិបត្តិនៅប្រទេសជាបងប្អូនគ្រួសារអាស៊ានមួយនេះ»។ នេះជាការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា។

មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។ កាលពីពេលថ្មីៗនេះ អាជ្ញាធរមីយ៉ាន់ម៉ាបានចុះចាប់ខ្លួន ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០នាក់ ដែលត្រូវបានដោះលែងនៅក្នុងការលើកលែងទោស កាលពីពេលកន្លងទៅ ត្រលប់មកឃុំខ្លួនឡើងវិញ ដោយអ្នកខ្លះក៏ត្រូវបានផ្តន្ទាទោសបន្ថែមទៀតផងដែរ។

អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញអំពីការភ័យខ្លាចថា គ្រោះមហន្តរាយសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា នឹងកាន់តែកើនឡើង ចំពេលមានសេចក្តីរាយការណ៍ថា កងទ័ពរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នា នៅភាគខាងជើងនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា តាមរយៈមូលបទដែលបង្រួបបង្រួមកម្លាំងកម្ពុជា ក្នុងឋានៈជាប្រធាន នឹងអំពាវនាវចលនាសមាជិកក្នុងសហគមន៍ដែលយើងកំពុងរួមគ្នាកសាងនោះ ឱ្យធ្វើសកម្មភាពជាមួយគ្នា ដើម្បីឆ្លើយតបដោះស្រាយការប្រឈមដ៏ច្រើន និងស្មុគស្មាញដែលតំបន់កំពុងជួប។

ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹមថាជាមួយនឹងសាមគ្គីភាពដ៏ខ្លាំងក្លាពីសំណាក់សមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ កម្ពុជានឹងអាចជួយរុញដំណើរការកសាងសហគមន៍អាស៊ានទៅមុខ ពង្រឹងមជ្ឈភាពអាស៊ាន រក្សាតួនាទីដ៏សំខាន់សំរាប់ពាណិជ្ជកម្មសកល វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តាមរយៈការជំរុញការ អនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម៕