(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយមន្ត្រីពាក់ព័ន្ធ ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន «បុរី និងដីឡូតិ៍ ជា សារ៉ន» ដើម្បីរួមចំណែកក្នុងស្ថានភាពដែលរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តសកម្មភាពយកចិត្តទុកដាក់ គិតគូរដល់ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពត។

ពិធីទទួលអំណោយខាងលើនេះ ធ្វើឡើងនៅសាលាខេត្តកំពត នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

លោកឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន«បុរី និងដីឡូតិ៍ ជា សារ៉ន» បានថ្លែងកោតសរសើររដ្ឋបាលខេត្តកំពត តែងបានអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ មានលក្ខណៈល្អប្រសើរ ធ្វើឱ្យសកម្មភាពសេវាកម្មគ្រប់ប្រភេទ ពិសេសការរកស៊ីរបស់ក្រុមហ៊ុននានា ដោយឡែកក្រុមហ៊ុនរបស់រូបលោកផ្ទាល់ បាននឹងកំពុងដំណើរការជាធម្មតាក្នុងខេត្តកំពត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។

លោកឧកញ៉ា បានបន្តថា ក្រុមហ៊ុន នៅតែសម្ដែងការជួយឧបត្ថម្ភគាំទ្រក្នុងស្មារតីទឹកចិត្តសប្បុរសធម៌ ដោយស្ម័គ្រស្មោះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ ពិសេសក្នុងស្ថានភាព ដែលរដ្ឋបាលខេត្តកំពត បាននឹងកំពុងយកចិត្តទុកដាក់ប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

នាឱកាសនោះដែរ លោក ម៉ៅ ធនិន ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់ក្រុមហ៊ុន «បុរី និងដីឡូតិ៍ ជា សារ៉ន» ដែលជួយឧបត្ថម្ភស្បៀងអាហារ និងសម្ភារៈ ក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ដើម្បីជួយដល់ការងារមនុស្សធម៌ និងកិច្ចការសង្គម ពិសេសប្រជាពលរដ្ឋក្រីក្រខ្វះខាត និងងាយរងគ្រោះ រងផលប៉ះពាល់ពាក់ព័ន្ធជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។

អំណោយដែលក្រុមហ៊ុន «បុរី និងដីឡូតិ៍ ជា សារ៉ន» ផ្ដល់ជូនរដ្ឋបាលខេត្តកំពតរួមមាន៖ អង្ក៥០តោន, មី ចំនួន១,៥០០កេស និងទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន២,៤០០យួរ។

ព្រមជាមួយគ្នានេះ លោកអភិបាលខេត្តកំពត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោកឧកញ៉ា ប៊ុន បារាំង ប្រធានសមាគមន៍ស្រែអំបិល ខេត្តកំពត ដែលបានឧបត្ថម្ភថវិកា ចំនួន១ម៉ឺនដុល្លារ ជួយដល់រដ្ឋបាលខេត្តកំពត សម្រាប់ប្រើប្រាស់ទិញស្បៀង និងសម្ភារៈ ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពតនេះផងដែរ៕